សពពលបាលឯក ប្រាក់ ដា ដែលពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាល ដោយសារជំងឺគ្រុនចាញ់ បានមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញហើយ

(កណ្តាល)៖ សពពលបាលឯក ប្រាក់ ដា នៃកងអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៤៨៦ បេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ដែលបានពលីដោយសារជំងឺគ្រុនចាញ់ បានមាតុភូមិនិវត្តន៍ដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ពិធីទទួលសពពលបាលឯក ប្រាក់ ដា បានធ្វើឡើងនៅព្រលានយន្តហោះតេជោអន្តរជាតិ (Techo International) ក្រុងតាខ្មៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងវត្តមានថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមគ្រួសារ សាច់ញាតិរបស់សពពលបាលឯក ប្រាក់ ដា ជាច្រើនរូបទៀត។
សពពលបាលឯក ប្រាក់ ដា ត្រូវបានរៀចំទៅកាន់ប្រទេសកំណើតវិញនៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦២៥ នាទីល្ងាច ម៉ោងនៅប្រទេសយូហ្គានដា តាមជើងហោះហើរ Emirates airline EK 730 Entebbe វេលាម៉ោង ១៦២៥នាទីល្ងាចម៉ោងនៅយូហ្គានដា។
នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី ទៀ សីហា សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ បានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” ដោយសារជំងឺគ្រុនចាញ់។
ឧនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងអំពីមរណភាពរបស់ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារជំងឺគ្រុនចាញ់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារពលបាលឯក ប្រាក់ ដា ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលបានរួមចំណែកលើកតម្កើងកិត្យានុភាពនៃកងកម្លាំងមួកខៀវកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។ ទោះបីរូបកាយ ពលបាលឯក ប្រាក់ ដា បានបាត់បង់ទៅក៏ពិតមែនតែកុសលកម្ម កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធពលបាលឯក ប្រាក់ ជា សូមឆាប់បានចាប់ កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម ក្រុមគ្រួសារនៃសពពលបាលឯក ប្រាក់ ដា ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ»។
អនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសព ភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

You might also like