ថៃចាប់បារីគេចពន្ធជាច្រើនកញ្ចប់ ដែលលបឆ្លងចូលទឹកដីថៃ ប្រឈមនឹងស្រុកមេឡៃ
ខេត្តស្រះកែវ ៖ បារីគេចពន្ធជាច្រើនកញ្ចប់ ដែលយុវជនខ្មែរម្នាក់បាននាំឆ្លងដែនយកទៅលាក់ទុកនៅក្នុងទឹកដីថៃជាប់ច្រកទ្វារតំបន់ស្រុកម៉ាឡៃ(ណងព្រឺ) ដើម្បីចែកចាយបន្ត ត្រូវបានកម្លាំងយោធាថៃចាប់បាន ដែលនៅមិនឆ្ងាយពីខ្សែបន្ទាត់ព្រំដែន ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង១៥,០០នាទីយប់ ការឃាត់បារីគេចពន្ធនេះ គឺធ្វើឡើងដោយកម្លាំងយោធាកងរយលេខ ១២០៤ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែងលេខ A១០ ស្ថិតក្នុងផ្សារណងព្រឺ ស្ថិតក្នុងឃុំបានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រឈមនិងច្រកទ្វារតំបន់ស្រុកម៉ាឡៃ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ យុវជនដែលត្រូវថៃឃាត់ខ្លួនមានឈ្មោះ ណុន មួយ អាយុ ២៨ ឆ្នាំ គ្មានឯកសារពាក់ព័ន្ធណាមួយដែលបញ្ជាក់ថាយុវជនរូបនេះចូលទៅរស់នៅក្នុងទឹកដីថៃដោយស្របច្បាប់ឡើយ។ ហើយនៅក្នុងបន្ទប់ជួលនោះកម្លាំងយោធាថៃបានរកឃើញទំនិញចំនួន ៤ ការ៉ុង នៅក្នុងនោះគឺមានបារីចំនួន ៧ យីហោ ដែលមានម៉ាក CAPITEL , MOND (19 g ) , 235 , TEXAS 5 , CANYON , MOND ( 10 g ) និង DJ រួមទាំងអស់ ៤.១០០ កញ្ចប់ គិតជាទឹកប្រាក់រួមទាំងបង់ភាស៊ីមានចំនួន ២៣៦.៣៨៦.២៥ បាត។
បច្ចុប្បន្នក្រោយពីធ្វើការឃាត់ខ្លួនរួចមកសមត្ថកិច្ចបានបញ្ជូនយុវជនរូបនោះរួមទាំងវត្ថុតាងទៅកាន់ទីស្នាក់ការគយនិងរដ្ឋាករ ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី ។
យោងតាមប្រភពមិនបញ្ចេញឈ្មោះបានបង្ហើបបានដឹងថា ករណីនាំបុរីខាងលើគឺមានថៅកែពីរនាក់ដែលអាចសង្ស័យនោះមានឈ្មោះ(រ)និងឈ្មោះ(គ) ៕



