វិញ្ញាបនបត្រ CQS ធ្វើឲ្យសិប្បកម្មអ៊ីពៅ អាចនាំផលនេសាទកែច្នៃរាប់តោនទៅទីផ្សារ៤ប្រទេស ក្នុងមួយឆ្នាំៗ
កំពង់ចាម៖ ការពង្រឹងខ្លួនរហូតទទួលបានវិញ្ញាបនបត្របញ្ជាក់ “ភាពអនុលោមតាមលក្ខខណ្ឌតម្រូវការ នៃនិមិត្តសញ្ញាគុណភាពផល ផលិតផល ជនផលកម្ពុជា (CQS)” បានធ្វើសិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម អាចចាប់បានទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយនាំយកផលិតផលនេសាទកែច្នៃ ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។
លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានឲ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដោយដំបូងឡើយ ធ្វើអាជីវកម្មតាមលក្ខណៈគ្រួសារ ហើយបានប្រាក់ចំណូលទាប ប៉ុន្តែបច្ចុប្បន្ននេះ គឺបានបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងមានអនិកជនខ្មែរនៅក្រៅប្រទេសបានគាំទ្រ ព្រោះផលិតផលជលផលកែច្នៃក្នុងសិប្បកម្ម ត្រូវបានផលិតប្រើប្រាស់បច្ចេកទេសទំនើប ដែលធានាទាំងគុណភាព សុវត្ថិភាព និងអនាម័យ ។ លោកស្រីបានបន្តថា សិប្បកម្មនេះ មានផលិតត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និងម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើម ហើយក្នុងមួយឆ្នាំៗផលិតកែច្នៃត្រីប្រមាណ ៣០តោន ជាមួយនឹងអាចរកចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែៗ ។
ជាមួយគ្នានេះ លោកស្រី ទូច ពៅ បានអគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយគាំទ្រ និងថ្លែងអំណរគុណដល់គម្រោង CAPFISH-Capture របស់សហភាពអ៊ឺរ៉ុប ដែលអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា UNIDO បានបណ្ដុះបណ្ដាលបច្ចេកទេស រៀបចំម៉ាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោ និងជំនួយមួយចំនួនទៀត រហូតសិប្បកម្មទទួលបាន វិញ្ញាបនបត្រ CQS ហើយមានអតិថិជនគាំទ្រច្រើន ទាំងក្នុង និងក្រៅប្រទេស។
លោក ឡាច គារ ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺផលិតផលជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយសិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និងអនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ។
លោក ឡាច គារ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិប្បកម្ម និងសហគ្រាសកែច្នៃផលនេសាទចំនួន ១៩ហើយ បានទទួលបានវិញ្ញាបនបត្រ CQS ដែលមានទាំងការកៃច្នៃផលទឹកសាប និងទឹកប្រៃ៕



