រដ្ឋមន្ត្រីការបរទេសចិន និងមន្រ្តីកោះតៃវ៉ាន់ ទៅទស្សនកិច្ចនៅអឺរ៉ុប ក្នុងពេលដំណាលគ្នាដ៏កម្រ
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន និងមន្ត្រីកោះតៃវ៉ាន់ កំពុងតែបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្នុងពេលស្របគ្នានៅសប្តាហ៍នេះ ដែលជាភាពដំណាលគ្នាយ៉ាងកម្រនៃកាលវិភាគនៅក្នុងទីតាំងតែមួយបែបនេះ ខណៈទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ឈប់កោះស្វ័យគ្រប់គ្រងមួយនេះ មិនឱ្យមានទំនាក់ទំនងការទូតបរទេសណាមួយឡើយ។
ប្រទេសចិន បានចាត់ទុកតំបន់តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ហើយបាននិយាយថា តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ដូចនេះពុំមានសិទ្ធិក្នុងការធ្វើទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយ។
មន្ត្រីការទូតរបស់កោះតៃវ៉ាន់ លោក Lin Chia-lung បានទៅដល់ទីក្រុងប្រាក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយទៅចូលរួមព្រឹត្តិការណ៍មួយនៅសារមន្ទីរជាតិរបស់ប្រទេសឆេក។ គួរបញ្ជាក់ថា សាធារណរដ្ឋឆេក ក៏ដូចជាប្រទេសភាគច្រើនដែរ គឺទទួលស្គាល់ជាផ្លូវការតែប្រទេសចិនមួយប៉ុណ្ណោះ និងមិនមែនកោះតៃវ៉ាន់នោះទេ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានចាប់ផ្តើមដំណើរទស្សនកិច្ច ៣ប្រទេសរបស់លោក ទៅកាន់ទ្វីបអឺរ៉ុប នៅថ្ងៃសុក្រ (១២ កញ្ញា) នេះ ដែលលោកនឹងទៅកាន់ប្រទេសអូទ្រីស ស្លូវេនី និងប៉ូឡូញ។ ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេនោះ។ កន្លងមក ដំណើរទស្សនកិច្ចរបស់មន្រ្តីកោះតៃវ៉ាន់បែបនេះ តែងតែទាក់ទាញការខឹងសម្បារយ៉ាងខ្លាំងពីទីក្រុងប៉េកាំង៕






