ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ត្រឡប់មកវិញជាមួយនឹងការតាំងពិព័រណ៍សំបូរបែប និងសិក្ខាសាលាច្នៃប្រឌិត

ភ្នំពេញ ៖ អ្នកស្រឡាញ់រុក្ខជាតិ អ្នកច្នៃប្រឌិត និងអាជីវកររាប់ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅអគារបៃតង Connexion ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍រយៈពេលបីថ្ងៃនេះ នឹងមានតាំងបង្ហាញរុក្ខជាតិលម្អ និងប្រភេទរុក្ខជាតិកម្រៗ ប្លែកៗ ស្អាតៗ រួមជាមួយនឹងការតាំងបង្ហាញស្នាដៃសិល្បៈរុក្ខសាស្ត្រ ដែលបង្ហាញពីសម្រស់ដ៏ល្អវិចិត្រ និងខ្លឹមសារដ៏វិសាលដែលនៅស្ថិតស្ថេរនៃធម្មជាតិ។

អ្នកចូលរួមក៏អាចកម្សាន្តរីករាយជាមួយសកម្មភាពផ្សេងៗ ដូចជាថ្នាក់សិល្បៈផ្កាកៀបសម្ងួត ដែលពោរពេញដោយភាពច្នៃប្រឌិត ថ្នាក់រចនាទេសភាព ការប្រកួតសម្រស់ត្រីក្រឹម និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត។

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ មិនត្រឹមតែជាការតាំងពិព័រណ៍រុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់អ្នកស្រឡាញ់រុក្ខជាតិ ក្នុងការជួបជុំ តភ្ជាប់ ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងលើកកម្ពស់ការស្រឡាញ់រុក្ខជាតិ សួនច្បារ និងលំហបៃតងក្នុងទីក្រុង ដែលនឹងជំរុញការចូលរួមក្នុងការថែរក្សាបរិស្ថាន។

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ត្រូវបានរៀបចំឡើងដោយកម្មវិធី Phnom Penh Houseplant Festival និងដៃគូជាច្រើន។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាការជួបជុំប្រចាំឆ្នាំដ៏សំខាន់មួយសម្រាប់សហគមន៍រុក្ខជាតិ និងសួនច្បារកម្ពុជា ដោយផ្តល់ឱកាសសម្រាប់ការសិក្សា បង្កើតបណ្តាញ និងរីករាយនឹងភាពស្រស់ស្អាតនៃធម្មជាតិ៕

You might also like