ប្រធានាធិបតីនេប៉ាល់ ស្វែងរកការបញ្ចប់វិបត្តិ ខណៈបន្តការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី

ប្រធានាធិបតីនេប៉ាល់បាននិយាយថា លោកកំពុងស្វែងរកការបញ្ចប់វិបត្តិដែលបានលេបត្របាក់ប្រទេសក្នុងតំបន់ភ្នំហិម៉ាឡៃមួយនេះ ចាប់តាំងពីការតវ៉ាដ៏បំផ្លិចបំផ្លាញនៅសប្តាហ៍នេះ បានបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែង និងការដុតកម្ទេចអគាររដ្ឋសភា។

លោកប្រធានាធិបតី Ramchandra Paudel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រូបលោកកំពុងពិភាក្សា និងបង្កើតខិតខំប្រឹងប្រែងដើម្បីស្វែងរកផ្លូវចេញពីស្ថានភាពលំបាកនាពេលបច្ចុប្បន្ននៅប្រទេសនេះ ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ។
លោកថា លោកសូមអំពាវនាវដល់គ្រប់ភាគីឲ្យមានទំនុកចិត្តថា ដំណោះស្រាយចំពោះបញ្ហាកំពុងត្រូវបានស្វែងរកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយការទាមទាររបស់ពលរដ្ឋដែលកំពុងតវ៉ា។ លោក Sharma Oli វ័យ៧៣ឆ្នាំ ជានាយករដ្ឋមន្ត្រីបួនសម័យកាល បានលាលែងពីតំណែងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះមុខការតវ៉ា។
កងទ័ពបានដាក់បម្រាមគោចរនៅក្នុងប្រទេស ដែលមានប្រជាជន៣០លាននាក់មួយនេះ បន្ទាប់ពីផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលពីរទសវត្សរ៍។
ភាពមិនច្បាស់លាស់នៅតែបន្តក្នុងប្រទេសនេប៉ាល់ ជុំវិញការស្វែងរកមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយក្រុមបាតុករជំរុញដោយក្រុមប្រឆាំងជ្រុលនិយម បានចេញតវ៉ាដោយហិង្សា និងបំផ្លិចបំផ្លាញប្រទេសខ្លួនឯង រហូតដល់ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៣០នាក់ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។

You might also like