នាវាផ្ទុកយន្តហោះទំនើបបំផុតរបស់ចិន បើកកាត់ច្រកសមុទ្រតៃវ៉ាន់ ចូលទៅក្នុងសមុទ្រចិនខាងត្បូង

កងទ័ពជើងទឹកចិន បាននិយាយនៅថ្ងៃសុក្រ (១២ កញ្ញា) នេះថា នាវា ហ៊្វូជាន (Fujian) ដែលជានាវាផ្ទុកយន្តហោះទី៣ និងទំនើបបំផុតរបស់ចិន ថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាផ្នែកមួយនៃការសាកល្បងបើកបរក្នុងដែនសមុទ្រ ដែលជាផ្លូវទឹកដ៏រសើបបំផុតចំនួនពីរ។
នាវាផ្ទុកយន្តហោះហ៊្វូជាន ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២២ បានចាប់ផ្តើមការសាកល្បងផ្លូវសមុទ្ររបស់ខ្លួនម្ដងរួចមកហើយកាលពីឆ្នាំមុន ហើយមិនទាន់ចូលបម្រើការជាផ្លូវការនៅឡើយទេ។
កងទ័ពជើងទឹកចិន និយាយថា “នាវាផ្ទុកយន្តហោះទី៣ របស់ទីក្រុងប៉េកាំង ហ្វ៊ូជាន ថ្មីៗនេះបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទៅកាន់ដែនទឹកពាក់ព័ន្ធ ក្នុងសមុទ្រចិនខាងត្បូង ដើម្បីធ្វើការសាកល្បងស្រាវជ្រាវវិទ្យាសាស្ត្រ និងបេសកកម្មហ្វឹកហាត់”។ កងទ័ពជើងទឹកបន្ថែមថា “ការសាកល្បង និងការហ្វឹកហ្វឺនឆ្លងកាត់តំបន់នេះសម្រាប់ ហ្វ៊ូជាន គឺជាការរៀបចំជាប្រចាំនៅក្នុងដំណើរការសាកល្បងមុខងាររបស់នាវាផ្ទុកយន្តហោះនេះ ហើយមិនបានតម្រង់ទិសដាក់គោលដៅជាក់លាក់ណាមួយឡើយ”។
គួរឱ្យដឹងថា ប្រទេសចិន បានចាត់ទុកច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹករបស់ខ្លួន ហើយទីក្រុងប៉េកាំង ក៏បានអះអាងសិទ្ធិលើផ្នែកភាគច្រើនក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរ។
ក្រសួងការពារជាតិជប៉ុន បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា នាវាហ្វ៊ូជាន បានចូលសមុទ្រចិនខាងកើត ដោយបើកទៅភាគនិរតីឆ្ពោះទៅកោះតៃវ៉ាន់ អមដោយនាវាពិឃាតមីស៊ីលចិនពីរគ្រឿង៕

You might also like