បង្ក្រាបករណីផ្ទុះអាវុធនៅឆ្នេរអូរឈើទាល ឃាត់ជនសង្ស័យជិត ៥០នាក់ (ជនជាតិចិន ៣៥នាក់)
(ព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១០យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពីឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំង មានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។
បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ (ស្រី៥នាក់) ក្នុងនោះជនជាតិចិន ៣៥នាក់ (ស្រី៣នាក់), នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ (ស្រី២នាក់)។
វត្ថុតាងដកហូតបាន៖
*អាវុធវែង និងខ្លី ចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម)
*គ្រាប់ជាច្រើនគ្រាប់
*ម្សៅស សង្ស័យជាសារធាតុញៀនមួយចំនួន
*រថយន្តចំនួន ៥គ្រឿង។ ចំពោះមូលហេតុ ករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ។
ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវស្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕