ការប្រយុទ្ធគ្នា រវាងកងទ័ពថៃ និងក្រុមផ្តាច់ខ្លួនភាគខាងត្បូង ឈានចូលថ្ងៃទី២ ខណៈមានមនុស្សស្លាប់
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងត្បូងប្រទេសថៃ បានឈានចូលថ្ងៃទី២ហើយ ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១២ខែកញ្ញាឆ្នាំ២០២៥។
ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកងទ័ពថៃនិងក្រុមផ្តាច់ខ្លួនមូស្លីម បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ក្នុងភូមិ Ban Huai Taoឃុំ Khuha ស្រុកSaba Yoi នៃខេត្ត Songkhla។
នេះគឺជាការប្រយុទ្ធទ្រង់ទ្រាយធំ ដែលចាប់ផ្តើមនៅពេលកងកម្លាំងថៃ បើកប្រតិបត្តិការកម្ចាត់ក្រុមបះបោរ ក្រោយទទួលដំណឹងថា ពួកគេលាក់ខ្លួននៅក្នុងភូមិនេះ។
ការបាញ់តដៃគ្នាបានអូសបន្លាយពេល២ថ្ងៃហើយ ខណៈក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ផងដែរ ប៉ុន្តែតួលេខច្បាស់ការ មិនទាន់ត្រូវបានគេបញ្ចេញនោះទេ។
មុននេះរថយន្តយោធាដែលដឹកទាហានថៃមួយក្រុម ឆ្ពោះទៅទីនោះ ដើម្បីជួយកងកម្លាំងកំពុងប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួនមូស្លីម ក៏បានធ្លាក់ជ្រោះនៅខេត្ត Songkhla ផងដែរ។
រថយន្តនោះមានដឹកទាហានថៃចំនួន៨នាក់ បានដាច់ហ្វ្រាំងធ្លាក់ជ្រោះនៅចំណុចភូមិលេខ១៦ ឃុំ Na Thawi នៃស្រុក Na Thawi។
ទោះបីជាយ៉ាងណា ទាហានទាំង៨មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែរបួសប៉ុណ្ណោះ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក Na Thawi៕