លោក ត្រាំ ប្រកាសថា ដោយមានទំនុកចិត្តខ្ពស់ ជនសង្ស័យក្នុងឃាតកម្មលើលោក Charlie Kirk ត្រូវចាប់ខ្លួន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រថា ជនសង្ស័យក្នុងករណីឃាតកម្មលើលោក Charlie Kirk ត្រូវបានចាប់ខ្លួនហើយ។ លោកបានបញ្ជាក់ថា «ដោយមានទំនុកចិត្តខ្ពស់ យើងចាប់បានជននោះហើយ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ទូរទស្សន៍ Fox News នៅក្នុងបទសម្ភាសន៍ផ្ទាល់មួយ លោក ត្រាំ បានអះអាងថា ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីបព្វជិតម្នាក់ដែលសហការជាមួយអាជ្ញាធរ បានរាយការណ៍ពីអត្តសញ្ញាណរបស់ជននេះ។ ប្រធានាធិបតីរូបនេះថែមទាំង បានដកស្រង់សម្ដីរបស់បុគ្គលជិតស្និទ្ធនឹងជនសង្ស័យនោះដូច្នេះថា «វាពិតជាគាត់ហ្នឹងមែន»។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានបញ្ចេញឈ្មោះជនសង្ស័យជាសាធារណៈ ឬបញ្ជាក់ពីមូលហេតុនៃការសម្លាប់នៅឡើយទេ ខណៈវាជាអំពើហិង្សានយោបាយចុងក្រោយបំផុតដែលបានធ្វើឱ្យសហរដ្ឋអាមេរិកញ័ររញ្ជួយ។
គួរបញ្ជាក់ថា លោក Charlie Kirk ដែលជាសហស្ថាបនិកនៃអង្គការនយោបាយ Turning Point USA និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងមួយគ្រាប់កាលពីថ្ងៃពុធ នៅក្នុងអ្វីដែលប៉ូលិសហៅថាជាការវាយប្រហារដោយមានគោលដៅ ហើយអភិបាលរដ្ឋ Utah បានចាត់ទុកថាជាឃាតកម្មនយោបាយ។ ឃាតកម្មនេះបានកើតឡើង ខណៈលោក Kirk កំពុងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Utah Valley៕

You might also like