ទីបំផុត! ចាប់បានហើយ ជនសង្ស័យជាឃាតកបាញ់សម្លាប់ Charlie Kirk
ទីបំផុត! ប៉ូលិសអាមេរិក បានចាប់ឃុំខ្លួនជនសង្ស័យជាឃាតកសម្លាប់លោក Charlie Kirk ហើយ ប៉ុន្តែមិនទាន់បញ្ជាក់ឡើយពីមូលហេតុ ដែលជំរុញឲ្យរូបគេឈានដល់ការបាញ់ប្រហារ។
តាមសេចក្តីរាយការណ៍របស់ BBC ដោយដកស្រង់ប្រភពពី FBI កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៥, ជនសង្ស័យមានឈ្មោះ Tyler Robinson អាយុ២២ឆ្នាំ ជាអ្នករដ្ឋ Utah។
Robinson ត្រូវបានចាប់ខ្លួនក្នុងតំបន់វ៉ាស៊ីនតោន នៃរដ្ឋ Utah បន្ទាប់ពីសារភាពប្រាប់គ្រួសារថា គាត់ពិតជាបានសម្លាប់ Charlie Kirk មែន។
សមាជិកគ្រួសារម្នាក់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា Robinson ប្រែក្លាយជាអ្នកចូលចិត្តនយោបាយកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរនិយាយថា រូបគេក៏ឆ្លាក់សារប្រឆាំងរបបហ្វាស៊ីស លើសម្បកគ្រាប់កាំភ្លើង ដែលគេបានរកឃើញជាមួយអាវុធប្រើក្នុងការសម្លាប់នោះផងដែរ។
យោងតាមកំណត់ត្រារបស់រដ្ឋ Robinson មិនមានប្រវត្តិឧក្រិដ្ឋកម្មទេ។ រូបគេបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Pine View High School ក្នុងទីក្រុង St. George រដ្ឋ Utah នៅឆ្នាំ ២០២១។
អ្នកនាំពាក្យម្នាក់មកពីសាកលវិទ្យាល័យ Utah Valley University (UVU) បានប្រាប់ BBC ថា Robinson គឺជាសិស្សឆ្នាំទីបីនៅក្នុងកម្មវិធីកម្មសិក្សាអគ្គិសនីនៅមហាវិទ្យាល័យបច្ចេកទេស Dixie Technical College ស្ថិតនៅភាគនិរតីរដ្ឋ Utah ដែលជាកន្លែងដែលគាត់រស់នៅ។
មហាវិទ្យាល័យនេះគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នចំនួន ១៦ នៅក្នុងប្រព័ន្ធអប់រំជាន់ខ្ពស់របស់រដ្ឋ Utah ហើយសាកលវិទ្យាល័យ UVU ក៏ជាសមាជិកនៃប្រព័ន្ធនោះផងដែរ។
Robinson បានចូលរៀននៅសាកលវិទ្យាល័យ Utah State University ក្នុងរយៈពេលខ្លីត្រឹមតែមួយឆមាសក្នុងឆ្នាំ ២០២១ និងបានទទួលក្រេឌីតពីមហាវិទ្យាល័យតាមរយៈសាកលវិទ្យាល័យ Utah Tech University អំឡុងពេលរៀននៅវិទ្យាល័យពីឆ្នាំ ២០១៩ ដល់ ២០២១។
Robinson នឹងត្រូវចោទប្រកាន់ពីបទល្មើសដូចខាងក្រោម៖
• បទឧក្រិដ្ឋសម្លាប់មនុស្សដោយមានស្ថានទម្ងន់ទោស
• ការរារាំងដំណើរការយុត្តិធម៌ – បទឧក្រិដ្ឋធ្ងន់ធ្ងរថ្នាក់ទីមួយ
• បទឧក្រិដ្ឋបាញ់កាំភ្លើង – បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរដល់រាងកាយ៕