សម្ព័ន្ធយោធាណាតូ នឹងពង្រឹងស្លាបការពារផ្នែកខាងកើតរបស់អឺរ៉ុប បន្ទាប់ពីប៉ូឡូញបានបាញ់ទម្លាក់យានដ្រូន

សម្ព័ន្ធយោធាណាតូ បានប្រកាសផែនការពង្រឹងការការពារស្លាបខាងកើតរបស់អឺរ៉ុបកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូនដែលបានរំលោភលើដែនអាកាសរបស់ខ្លួន។ នៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានចាត់ទុកការរំលោភដែនអាកាសថា «គួរឱ្យព្រួយបារម្ភ» និងបានប្តេជ្ញា «ការពារគ្រប់អ៊ីញទាំងអស់នៃដែនដីរបស់ណាតូ» ជាសុន្ទរកថាដែលបង្ហាញក្នុងគោលបំណងធានាដល់សម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បាននិយាយថា ការលុកលុយនៃយានដ្រូនរបស់រុស្ស៊ីអាចជាកំហុសមួយ។ ទីក្រុងវ៉ាសាវី បានបង្ហាញពីការលុកលុយនៃយានដ្រូនេះ ថាជាការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការសាកល្បងសមត្ថភាពរបស់ប្រទេសប៉ូឡូញនិងសម្ព័ន្ធយោធាណាតូ ដើម្បីឆ្លើយតប។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបានប្រាប់ សារព័ត៌មានReuters ថា ប៉ូឡូញសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងមានចំណាត់ការដើម្បីបង្ហាញពីសាមគ្គីភាពជាមួយទីក្រុងវ៉ាសាវី។ កាលពីល្ងាចថ្ងៃសុក្រ សហរដ្ឋអាមេរិកបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញពីការព្រួយបារម្ភអំពីការលុកលុយនៃយានដ្រូន និងដើម្បីចោទប្រកាន់ទីក្រុងមូស្គូពីបទរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ រុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបាននិងកំពុងវាយលុកលើអ៊ុយក្រែននៅពេលមានការលុកលុយនៃយានដ្រូននោះ ហើយខ្លួនគ្មានបំណងវាយប្រហារគោលដៅណាមួយនៅក្នុងប្រទេសប៉ូឡូញទេ។ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បានចាត់ទុកការលុកលុយនេះថា «ធ្វេសប្រហេស និងមិនអាចទទួលយកបាន»៕

You might also like