ពលរដ្ឋហៃទី ដែលភៀសខ្លួនដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល ជំរុញការធានាសន្តិសុខមុនត្រឡប់ទៅលំនៅឋានវិញ
អ្នកស្រុក Solino ក្នុងទីក្រុងព័រអូប្រាំង បាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ថាពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង ហើយបានជំរុញឱ្យមានការធានាសន្តិសុខរបស់រដ្ឋាភិបាលមុនពេលត្រឡប់ទៅលំនៅឋានវិញ រយៈពេលជិតមួយឆ្នាំបន្ទាប់ពីក្រុមប្រដាប់អាវុធ Viv Ansanm បានបើកការវាយប្រហារដ៏បង្ហូរឈាមបង្ខំឱ្យពួកគេភៀសខ្លួនចេញ។ ជនស៊ីវិល និងមន្ត្រីនគរបាល ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបង្ខំឱ្យប្រជាជនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងស្វែងរកទីជម្រកនៅក្នុងជំរំបណ្តោះអាសន្ន។ សាក្សីនិយាយថា ក្រុមអន្ធពាលបានចូលលួចនៅតាមខ្នងផ្ទះ ដុតអគារ និងបំផ្លាញអ្វីៗជាច្រើន។ ទោះបីជាមានការគាំទ្រពីបេសកកម្មជំនួយសន្តិសុខពហុជាតិសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ាក៏ដោយ នគរបាលជាតិរបស់ប្រទេសហៃទី បានតតាំងដើម្បីដណ្តើមយកការគ្រប់គ្រងមកវិញ។ កាលពីដើមសប្តាហ៍នេះ មេដឹកនាំក្រុមជនអន្ធពាលដ៏លេចធ្លោ Jimmy “Barbeque” Cherizier បានដកទាហានរបស់លោកថយចេញពីសង្កាត់ជាច្រើននៅភាគឦសានទីក្រុងព័រអូប្រាំង ហើយបានជំរុញឱ្យអតីតអ្នកស្រុកវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅក្នុងសារវីដេអូដែលបានចេញផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ប៉ុន្តែមនុស្សជាច្រើននៅតែភ័យខ្លាច និងបាននិយាយថាពួកគេបានបាត់បង់អ្វីៗទាំងអស់។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាប់ផ្តើមកិច្ចពិភាក្សាកាលពីថ្ងៃសុក្រលើសេចក្តីព្រាងសេចក្តីសម្រេចសម្រាប់ប្រទេសហៃទីដើម្បីពង្រឹង និងបន្ថែមកងកម្លាំងអន្តរជាតិដែលកំពុងតតាំងប្រយុទ្ធជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធ ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខហៃទីមួយចំនួនបានព្រមានថាសំណើនេះ ខ្វះភាពច្បាស់លាស់។ ក្រុមជនអន្ធពាលប្រដាប់អាវុធបានចូលកាន់កាប់ស្ទើរតែទាំងអស់នៅរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទី នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃដែលបានបង្ខំមនុស្សប្រហែល១,៣លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយជម្លោះបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាបប់ និងបង្កឱ្យមានភាពអត់ឃ្លានកម្រិតទុរ្ភិក្ស។