នាយករដ្ឋមន្ត្រីកាតាជួបលោក Trump បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha

នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងញូវយ៉ក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha ក្នុងសប្តាហ៍នេះ។
លោក Sheikh Mohammed ដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសផងដែរនោះ បានចូលរួមក្នុងសកម្មភាពផ្នែកការទូតដ៏ច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលលើកិច្ចប្រជុំរបស់ក្រុមហាម៉ាសនៅទីក្រុង Doha កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានសម្លាប់មន្ត្រីសន្តិសុខកាតាម្នាក់ និងសមាជិកក្រុមហាម៉ាស៥នាក់ ដែលកំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីស្នើឡើងដោយ លោក Trump ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
នៅមុនពេលជួបជុំអាហារពេលល្ងាចកាលពីថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Sheikh Mohammed បានជួបអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅសេតវិមាន ជាកន្លែងដែលបានពិភាក្សាគ្នាអំពីការវាយប្រហាររបស់អ៊ីស្រាអែល និងការរៀបចំសន្តិសុខអាមេរិក-កាតា។ លោក Trump បាននិយាយរួចហើយថា លោក «មិនសប្បាយចិត្ត» អំពីការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើប្រទេសកាតា ដែលទំនងជាត្រូវបានរៀបចំឡើងដើម្បីបង្អាក់កិច្ចចរចាបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត។
សារព័ត៌មាន Al Jazeera បានរាយការណ៍ពីទីក្រុង Washington DC ថា «ការព្រួយបារម្ភគឺថាទំនាក់ទំនងរវាងប្រទេសកាតា និងសហរដ្ឋអាមេរិកកាន់តែស្មុគស្មាញដែលបណ្តាលមកពីការវាយប្រហារទាំងនោះ ដូច្នេះប្រទេសទាំងពីរកំពុងស្វែងរកមធ្យោបាយឆ្ពោះទៅមុខលើបញ្ហាទាំងនេះ»។ សារព័ត៌មាន Al Jazeera និយាយថា ជំនួបដែលបានគ្រោងទុកកាលពីថ្ងៃសុក្រជាមួយលោក Trump នឹង «បន្តការសន្ទនាទាក់ទងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha កាលពីដើមសប្តាហ៍នេះ និងការចរចាដើម្បីបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា»៕

You might also like