អង្គការសហប្រជាជាតិ ឯកភាពលើសេចក្តីប្រកាសដំណោះស្រាយរដ្ឋពីរ ដែលបានថ្កោលទោសក្រុមហាម៉ាស

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីឯកភាពលើសេចក្តីប្រកាសដែលបង្ហាញពីជំហានដ៏សំខាន់ឈានទៅរកដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានសំឡេងគាំទ្រ១៤២សំឡេង និង១០សំឡេងប្រឆាំង។
សេចក្តីប្រកាសដែលមាន៧ទំព័រគឺជាលទ្ធផលនៃសន្និសីទអន្តរជាតិនៅអង្គការសហប្រជាជាតិក្នុងខែកក្កដា ស្តីពីជម្លោះដែលអូសបន្លាយពេលរាប់ទសវត្សរ៍។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើពហិការព្រឹត្តិការណ៍នោះ ហើយបានបោះឆ្នោតប្រឆាំងនឹងសេចក្តីប្រកាស។
លោក Riyad Mansour អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ដែនដីប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបាននិយាយបន្ទាប់ពីការបោះឆ្នោតថា «ខ្ញុំអរគុណដល់ប្រទេសភាគច្រើនដែលបានបោះឆ្នោតដ៏លើសលប់គាំទ្រសេចក្តីប្រកាសនេះ ជាការយល់ព្រមលើផែនការសន្តិភាព។
សេចក្តីប្រកាសក៏បានថ្កោលទោសការវាយប្រហារទៅលើអ៊ីស្រាអែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៣ ដែលបានបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។
សេចក្តីប្រកាសក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជនស៊ីវិលផងដែរ។ ប៉ុន្តែអ៊ីស្រាអែល ដែលបានរិះគន់អង្គការសហប្រជាជាតិជាយូរមកហើយថាមិនបានថ្កោលទោសក្រុមហាម៉ាសសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ តុលា បានច្រានចោលសេចក្តីប្រកាសនេះថាមានភាគីតែម្ខាង។

You might also like