ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត
នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកអនុប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកំពត ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ស្ថិតក្នុងស្រុកឈូកនិងស្រុកទឹកឈូ ខេត្តកំពត និងប្រព័ន្ធធារាសាស្ត្រប្រឡាយមេហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
សូមជម្រាបថា ទំហំការងារអនុវត្តរួមមាន៖ ១)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ មានដូចជាថែទាំទំនប់ចំនួន ២ខ្សែប្រវែង ៥២៧ម៉ែត្រ ប្រឡាយមេបេតុង (GMC, GMC1 &GMC2) ចំនួន ៣ខ្សែប្រវែង ២២៨៧៥ម៉ែត្រ ប្រឡាយមេដី (MC1&MC2) ចំនួន ២ខ្សែប្រវែង ២០៨០៦ម៉ែត្រ និងប្រឡាយរងដីថ្នាក់ទី១ចំនួន ១១ខ្សែប្រវែង ៣២៧៤២ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ៥១កន្លែង និង ២)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេហនុមាន មានដូចជា ថែទាំប្រឡាយមេចំនួន ៤ខ្សែ (MC1, MC2, MC3 &MC4) សរុបប្រវែង ២២០៩៨ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យ(តូច-ធំ)ចំនួន ៧២កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ឱ្យបន្តយកចិត្តទុកដាក់លើការងារជួសជុលថែទាំទំនប់ និងប្រព័ន្ធប្រឡាយបេតុង ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្រូវធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕