ដំណឹងមរណភាព! ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព

(ភ្នំពេញ)៖ នាយទាហាន នាយទាហាន និងពលទាហានទាំងអស់ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មានទុក្ខយ៉ាងក្រៀមក្រំដោយឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាចម្រុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលមរណភាពនៅម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ។

ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាថ្នាក់ដឹកនាំមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។ ការទទួលមរណភាពរបស់លោកឧត្តមសេនីយ៍ គឺជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណជាច្រើនក្នុងបុព្វហេតុជាតិ។

មរណភាពរបស់លោកឧត្តមសេនីយ៍ ក៏ជាការបាត់បង់នូវស្វាមី និងឪពុកមួយរូបជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ។

សពរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នឹងត្រូវតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕

You might also like