បុរសម្នាក់បាក់ជើងខ្ទេច ឯម្នាក់ទៀតរងរបួសស្រាល ក្រោយដួលម៉ូតូត្រូវរថយន្តបុកកិន
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅថ្ងៃទី១៣ កញ្ញា ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ១ ជិតប៉ុស្តិ៍នគរបាលក្បាលកោះ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់បាក់ជើងខ្ទេច និងម្នាក់ទៀតរងរបួសស្រាល។
មុនពេលកើតហេតុ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ជិះដោយបុរស ២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូនេះបានវ៉ាជែងម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅស្របគ្នា ហើយក៏ទាក់ដៃចង្កូតគ្នាទៅវិញទៅមកបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់។ ក្នុងពេលជាមួយគ្នានោះ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត ក៏បានមកដល់និងបុកកិនចំពេញទំហឹង ហើយបានបន្តបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍នេះបានបណ្ដាលឲ្យបុរសម្នាក់ដែលជិះលើម៉ូតូរងរបួសធ្ងន់បាក់ជើងខ្ទេច ចំណែកម្នាក់ទៀតរងរបួសស្រាល ហើយជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់៕