ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Ragasa នៅហ្វីលីពីន ឡើងដល់យ៉ាងហោចណាស់ ៣នាក់
ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) កាលពីថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែម ២នាក់ទៀត ហើយ ៦នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពល Ragasa បានវាយលុកភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយពេលនេះនាំឲ្យចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនេះកើនឡើងដល់ ៣នាក់យ៉ាងតិច។
PCG បានឲ្យដឹងថា ទូកនេសាទមួយដែលដឹកអ្នកនេសាទ ១៣នាក់ បានលិចនៅឆ្នេរនៃទីក្រុង Sta. Ana ក្នុងខេត្ត Cagayan ដោយបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងបាត់ខ្លួន ៦នាក់ ខណៈមនុស្ស ៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។ អង្គភាពនេះបានបន្ថែមថា ទូកបានក្រឡាប់ដោយសាររលកបក់បោកខ្លាំង ខណៈកំពុងបោះយុថ្កា និងកំពុងចូលជ្រក។
ជាមួយគ្នានេះ PCG ក៏បានរាយការណ៍ផងដែរថា បុគ្គលិកក្រុមឆ្មាំល្បាតឆ្នេរ បានប្រទះឃើញសាកសពរបស់បុរសវ័យ ៦៧ឆ្នាំ នៅច្រាំងឆ្នេរនៃទីក្រុង Agoo ក្នុងខេត្ត La Union។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន បន្ទាប់ពីរអិលធ្លាក់ចូលទៅក្នុងទន្លេកាលពីថ្ងៃចន្ទ។
ចំណែកបុរសវ័យ ៧៤ឆ្នាំម្នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍ថា បានស្លាប់បន្ទាប់ពីរថយន្តរបស់លោកបានជួបគ្រោះថ្នាក់ដោយសារបំណាក់ដី រួមជាមួយនឹងរថយន្ត ៣គ្រឿងទៀត ខណៈពេលដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ ក្នុងទីក្រុង Tuba ក្នុងខេត្ត Benguet កាលពីរសៀលថ្ងៃចន្ទ។ ព្យុះទីហ្វុង Ragasa បានបក់បោកចេញពីប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារ៕