ចិន ជម្លៀសមនុស្សជិត ២លាននាក់ ខណៈព្យុះទីហ្វុងដ៏កំណាចខិតជិតឆ្នេរភាគខាងត្បូង

អាជ្ញាធរក្នុងតំបន់របស់ចិន បាននិយាយនៅថ្ងៃពុធ (២៤ កញ្ញា) នេះថា មនុស្សលើសពី ១,៨៩លាននាក់ ត្រូវបានជម្លៀសចេញរួចទៅហើយនៅក្នុងខេត្តក្វាងទុង ខណៈព្យុះទីហ្វុង Ragasa ដែលជាព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកនៅឆ្នាំនេះ កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងឆ្នេរប្រទេសចិន បន្ទាប់ពីបានបោកបក់កាត់ភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ។
ព្យុះ Ragasa នេះត្រូវបានរំពឹងថានឹងវាយបោកដល់ដីនៅឆ្នេរខេត្តក្វាងទុង ភាគខាងត្បូង ដោយនាំមកនូវកម្លាំងខ្យល់ដូចព្យុះសង្ឃរា និងភ្លៀងធ្លាក់ខ្លាំងទៅកាន់ទីក្រុងភាគខាងត្បូងរបស់ចិន ដូចជាហុងកុង និង Shenzhen ជាដើម។
នៅពេលព្យុះខិតជិតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៃទីក្រុងហុងកុង នៅព្រឹកថ្ងៃពុធ ប្រព័ន្ធអាកាសធាតុដ៏កំណាចនេះបាននាំមកនូវខ្យល់បក់បោកដែលបំបាក់ដើមឈើ និងបំផ្លាញអគារ ហើយក្រុមសង្កេតអាកាសធាតុហុងកុង និយាយថា ព្យុះ Ragasa ដែលមានល្បឿនរហូតដល់ទៅ ២២០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឆ្នេរសមុទ្រក្វាងទុង។
ខេត្តក្វាងទុង បានដំឡើងការជូនដំណឹងព្យុះទីហ្វុងរបស់ខ្លួនដល់កម្រិតទី១ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រព័ន្ធព្រមាន ៤ជាន់ ហើយក្រុមមន្ត្រីក៏បានប្រកាសស្ថានភាព “ត្រៀមខ្លួនប្រយុទ្ធ” កាលពីថ្ងៃអង្គារ។
ខ្យល់កន្រ្តាក់បានជំរុញឱ្យក្រុងហុងកុង និងម៉ាកាវ — ដែលទាំងពីរនេះមានប្រជាជនជាង ៨លាននាក់ — បានចេញការព្រមានពីខ្យល់ព្យុះខ្ពស់បំផុត ហើយសាលារៀន អាជីវកម្ម និងការដឹកជញ្ជូនសាធារណៈត្រូវបិទយ៉ាងទូលំទូលាយ។ អាជ្ញាធរចិន ព្រមានថា ទីក្រុងផ្សេងទៀតនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស ក៏កំពុងប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ៕

You might also like