ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៖ ករណីវាយបំផ្លាញកាណូតស្មាច់ មិនមែនកើតឡើងនៅខេត្តបាត់ដំបង ដូចការផ្សព្វផ្សាយមួយចំនួនឡើយ

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញមកបំភ្លឺថា ចំពោះករណីដែលបង្ហោះនៅលើបណ្ដាញសង្គម ករណីវាយបំផ្លាញកាណូតស្មាច់នោះ មិនមែនកើតឡើងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនោះទេ បន្ទាប់សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ក្រោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត។
យ៉ាងណាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅខេត្តបាត់ដំបងធ្លាប់កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូតស្មាច់បុកគ្នា ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស នៅចំណុចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
ចំពោះហេតុការណ៍ដែលបានកើតឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីតាំងខាងលើ វត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវទឹកនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ដើម្បីរៀបចំកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ហើយកាណូតទាំងពីរគ្រឿងនេះ មិនមានអ្នកណាមកវាយបំផ្លាញនោះទេ។ ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

You might also like