លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បួងសួងថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អមាំមួន
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក បួងសួងថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អមាំមួន ព្រះកម្លាំងកាយខ្លាំងក្លា។
សាររបស់ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាសេ្វតច្ឆត្រ ជាពិសេសព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយបីបាច់ថែរក្សា ការពារ និងប្រោសប្រទានព្រះរាជសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អមាំមួន ព្រះកម្លាំងកាយខ្លាំងក្លា ទ្រង់ចៀសចាកឆ្ងាយពីជំងឺយាយីនានា និងសូមទ្រង់ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីព្រះអង្គបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់មហាគ្រួសារខ្មែរ និងជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការរួមចំណែកដ៏ធំធេងលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណីជាតិ វិស័យអប់រំ សុខុមាលភាពសង្គម និងលើកកម្ពស់ជីវភាពប្រជានុរាស្ត្ររបស់ព្រះអង្គឱ្យមានភាពរីកចម្រើន រុងរឿងជាដរាបតរៀងទៅ។
គួរបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គកំពុងគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមសំណូមពររបស់ថ្នាក់ដឹកនាំមិត្តចិន និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាពតាមពេលវេលាដែលពេទ្យបានកំណត់។ ពេលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះរាជសុខភាព។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាថ្វាយបានល្អណាស់ មកដល់បច្ចុប្បន្ន សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកំពុងគង់ប្រថាប់នៅមន្ទីរពេទ្យនៅឡើយ៕