លោក Zelenskyy ប្រាប់UN ថា បញ្ឈប់សង្គ្រាមរុស្ស៊ី បើមិនដូច្នេះទេប្រឈមនឹងការប្រជែងសព្វាវុធដ៏មហន្តរាយ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យប្រទេសមហាអំណាចពិភពលោកជួយបញ្ឈប់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយព្រមានអំពីការប្រលងប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់។
លោកបានអំពាវនាវឱ្យមានច្បាប់ជាសកលដើម្បីទប់ស្កាត់ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត(AI)ក្នុងផ្នែកសព្វាវុធ ខណៈពិពណ៌នាអំពីនវានុវត្តន៍ដ៏គ្រោះថ្នាក់នៅក្នុងការប្រើប្រាស់យានដ្រូនយោធា។ លោកក៏បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា កំពុងស្វះស្វែងរកការពង្រីកសង្រ្គាមរបស់លោកឱ្យហួសពីប្រទេសអ៊ុយក្រែន។
លោកបាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣ប្រទេសថា «ការបញ្ឈប់រុស្ស៊ីនៅពេលនេះគឺវាចំណាយតិចជាការដែលគិតថា តើនរណានឹងជាអ្នកដំបូងគេដែលបង្កើតយានដ្រូនមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ»។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានជួបលោកប្រធានាធិបតីអាមេរិក Donald Trump នៅអង្គការសហប្រជាជាតិ ជាកន្លែងដែល លោក Trump ទំនងជាមានជំហរកាន់តែតឹងរ៉ឹងចំពោះវិមានក្រឹមឡាំង។
លោក Trump បាននិយាយថាទីក្រុងគីវ អាចទទួលបានទឹកដីរបស់ខ្លួនទាំងអស់មកវិញពីប្រទេសរុស្ស៊ីដែលបានចូលកាន់កាប់ជាអ្វីដែលនឹងក្លាយជាការកែប្រែសមរភូមិដ៏អស្ចារ្យ។ លោកក៏បានគាំទ្រគំនិតនៃការបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីដែលបំពានចូលដែនអាកាសរបស់សម្ព័ន្ធយោធាណាតូ។

You might also like