ក្រសួងការបរទសកម្ពុជា ចេញសេចក្តីប្រកាស ៖ ការធ្វើបទបង្ហាញស្តីពីការវិវត្តន៍នៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយសមាជិកអង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តន៍ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
សេចក្តីប្រកាសមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នៅក្នុងជំនួបនោះ ក៏មានវត្តមានចូលរួមរបស់តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ លោកជំទាវ អ៊ាត សោភា បានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង២៤:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឯកភាពគ្នារវាងភាគី កម្ពុជានិងថៃលើលក្ខខណ្ឌនៃបទឈប់បាញ់នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបាននូវការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ចំនួន៤ដង និងកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រកបដោយជោគជ័យ។ នៅក្នុងជំនួបទាំងនោះ កម្ពុជាតែងតែបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការ ជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ ទៅវិញទៅមក និងស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកជំទាវ អ៊ាត សោភា បានជម្រាបជូនថា ក្រុមការងារទទួលបន្ទុកកិច្ចការដោះមីនមនុស្សធម៌ និងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន
ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លោកជំទាវ បានបញ្ជាក់ផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឱ្យបានទាន់ពេលវេលា បើទោះបីជាមានភាគីថា មានការលំបាកដោយសារការកែសម្រួល និងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្តាយោធភូមិភាគរបស់ខ្លួនយ៉ាងណាក៏ដោយ។
បើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើ លោកជំទាវ អ៊ាត សោភា បានបង្ហាញពីការសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្ត ស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ
និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន មិនត្រឹមតែយកមកបកស្រាយប្រាសចាកពីការពិតប៉ុណ្ណោះទេ ថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះ និងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្ដេញដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះ និងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយ។
ជាក់ស្ដែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គណនី Facebook Page ឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាសវែងចម្រុះកម្ពុជា-ថៃ (ឯកឧត្តម ឡាយ សៀងលី
និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាកឌី) បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
លោកជំទាវ អ៊ាត សោភា ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាច
សង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលមកកម្ពុជាវិញផងដែរ។
ដោយយោងទៅលើភាពស្មុគស្មាញ និងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែន លោកជំទាវ អ៊ាត សោភា បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការដោះស្រាយបញ្ហាទាំងនេះឱ្យបាន ហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតី នៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ៨.១ ដែលភាគីទាំងពីរបានឯកភាពគ្នាបកបញ្ហានៅភូមិព្រៃចាស់ និងភូមិជោគជ័យ ទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដោយចាត់ទុកថាជារបៀបវារៈអាទិភាព។

You might also like