ជើងហោះហើរត្រង់រវាងទីក្រុងព្រះសីហនុរបស់កម្ពុជា និងទីក្រុងសិនជីនរបស់ចិន ចាប់ផ្តើមបើកដំណើរការហោះហើរជាផ្លូវការ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលនឹងក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន។
ពិធីសម្ភោធបើកដំណើរជាផ្លូវការនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានឱ្យដឹងថា ជើងហោះហើរដំបូងនេះមានអ្នកដំណើរស្ទើរតែពេញទាំងពីរទិស ដែលបង្ហាញថាការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា និងចិន កាន់តែរឹងមាំ។
ការភ្ជាប់ជើងហោះហើររវាង ខេត្តព្រះសីហនុ និងទីក្រុងសិនជិននេះ បន្ទាប់ពីមានការបើកជើងហោះហើររវាងភ្នំពេញ-សិនជិន និងសៀមរាប-សិនជិន ហើយវានឹងក្លាយជាគោលដៅដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន ប្រទេសចិន។
ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺឆ្លើយតបពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនទាំងពីរប្រទេស។
លើសពីនេះទៅទៀត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងគ្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីបន្ថែមមួយទៀត គឺភ្នំពេញ-ហ្វូជូ-តូក្យូ ដែលភ្ជាប់ក្រុងហ្វូជូ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយ នៅប្រទេសចិនជាមួយកម្ពុជា និងជប៉ុន៕