លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៣៥%

នៅថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ការងារសំខាន់ៗរបស់គម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល រួមមាន៖ ១) ជួសជុលទំនប់សណ្តខាងក្រោមអាងទឹកចាន់ថ្នាល ប្រវែង ៧០០ម៉ែត្រ ២)ស្តារប្រឡាយចំនួន ២ខ្សែ ប្រវែងសរុប ១៥០០ម៉ែត្រ និង ៣)សាងសង់សំណង់សិល្បការ្យសរុបចំនួន ៧កន្លែង។
លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល គឺក្នុងគោលបំណងស្ទាក់ទឹកដែលហូរពីជួរភ្នំឱរ៉ាល់នៅរដូវវស្សាមកស្តុកក្នុងប្រព័ន្ធអាងទឹកចាន់ថ្នាលនេះ។ លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៩៦០ហិកតា និងរដូវប្រាំងចំនួន ៥៩៦ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១០៦០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

You might also like