អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា នៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ខេត្តតាកែវ ដោយគ្មានបុគ្គលណាម្នាក់ជាអាវុធហត្ថនោះឡើយ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹថា រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធករណីនេះ ដូចតទៅ៖
១- ករណីអំពើហិង្សាដោយចេតនានេះ ពុំមានបុគ្គលណាម្នាក់ជាកងរាជអាវុធហត្ថ ឬក៏ជាសាច់ញាតិរបស់កងរាជអាវុធហត្ថ។
២- នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តតាកែវ បានកសាងបញ្ជូនសំណុំរឿងនិងជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។ ជនសង្ស័យទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន។
៣- តាមផ្លូវច្បាប់ ភាគីទាំងអស់នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ មានសិទ្ធិពេញលេញស្នើសុំ ប្តឹងតវ៉ា ប្តឹងទាមទារ និងបង្ហាញភស្ដុតាង ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ៕

You might also like