ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណី ហឹង្សាបណ្តាលឲ្យស្លាប់
ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ ដែលវាយសម្លាប់ដៃគូផឹកស៊ីជុំគ្នា ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនក្រោយធ្វើសកម្មភាព។
ការចាប់ខ្លួនធ្វើនៅ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបញ្ជារបស់ លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ។
ករណី៖ (អំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស) កាលពីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវទឹកលិច ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ជនរងគ្រោះ មាន ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ(ជាងភ្លើង) ស្នាក់នៅភូមិធ្លកណ្ដូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ សាន សែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ(នៅផ្ទះ) នៅចំណុច ភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង១៩ យប់សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៌ពី ឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអញ្ញាញ សង្កាត់នគរធំ ក្រុងសៀមរាប (ត្រូវជាបងប្រុសសព)ថា៖ ប្អូនរបស់ខ្លួនដែលជារងគ្រោះ ឈ្មោះ គឹម បញ្ញា បាន (ស្លាប់) ដោយសារមានមនុស្សវាយ ដោយជនរងគ្រោះដើរកាត់ទឹកមានជម្រៅ ៤៨ស.ម រួចស្រែកប្រាប់ម្តាយថា៖ មានគេវាយ ហើយដួលទៅក្នុងទឹក លុះមួយសន្ទុះទើបម្តាយខ្លួនចេញមកមើល ក៏ឃើញជនរងគ្រោះ ដួលនៅក្នុងទឹក ហើយក៏ផ្អើលឆោឡោរ រួចដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៏បានដាច់ខ្យល់ស្លាប់តែម្ដង ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បន្តថា៖ ក្រោយចាប់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មាន៖ (អង្រែឈើប្រវែង៣៥ស.ម) យកមកធ្វើការសាកសួរបានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពវាយនឹងដៃ ព្រមទាំងយកអង្រែ វាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសពិតប្រាកដមែន! ។ មូលហេតុដោយសារខ្លួនបានផឹកជាមួយជនរងគ្រោះ បន្ទាប់មកខ្លួន និងជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា រហូតដល់ជនរងគ្រោះ បានយកអង្រែឈើ ប្រវែង ៣៥ស.ម មកបម្រុងវាយខ្លួន តែខ្លួនក៏បានចាប់អង្រែបានពីដៃជនរងគ្រោះ ហើយវាយលើជនរងគ្រោះចំនួន ១អង្រែ ចំត្រង់ចំណុចក្បាលផ្នែកខាងលើ បណ្ដាលឲ្យរយះចេញឈាមមកក្រៅ និងវាយជាច្រើនដៃទៀត ត្រូវត្រង់ចំណុចចុងចិញ្ចីមទាំងសងខាង, ចំណុចស្នាខាងឆ្វេង បណ្ដាលឲ្យមានស្នាមហើមជាំ, ត្រង់បបូរមាត់ខាងក្រាម បណ្ដាលឲ្យរយះសាច់ចេញឈាមមកក្រៅ ។
ករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ អង្រែឈើប្រវែង ៣៥ សង់ទីម៉ែត្រ ។
បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា៖ ករណីខាងលើនេះ អនុវត្តតាមបទបញ្ជាលោកស្នងការ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប មានចំណាត់ការបន្តតាមផ្លូវច្បាប់ ៕