ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក ប៊ូអាឡយ ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ជាង២០នាក់

ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក ប៊ូអាឡយ (Bualoi)ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៦នាក់ ១៤នាក់បាត់ខ្លួន និង៣៣នាក់ផ្សេងទៀត បានរងរបួស។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយថា ប្រជាពលរដ្ឋសរុបចំនួន ៧៣៨.៧១៤ គ្រួសារ ឬ២.៧៩៧.៧០៦នាក់ បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីជាច្រើនថ្ងៃដោយសារព្យុះស៊ីក្លូនត្រូពិកផ្សេងៗ ដែលហ្វីលីពីនហៅឈ្មោះថា ព្យុះ Opong ព្យុះ Nando និងព្យុះ Mirasol ។
យោងតាមក្រុមប្រឹក្សានេះ គ្រួសារចំនួន៤៦.៦១១ ឬ១៦៣.៣១៧នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ២.៦៨០កន្លែង ខណៈមនុស្សចំនួន៣១.៤៤៨គ្រួសារផ្សេងទៀត ឬ ១១៨.៩៥៧ នាក់កំពុងទទួលបានជំនួយនៅខាងក្រៅមជ្ឈមណ្ឌលទាំងនេះ។
តំបន់ជ្រលងភ្នំ Cagayan បានរាយការណ៍ពីការស្លាប់ចំនួន ៨ នាក់ ហើយតំបន់ Bicol បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៩ នាក់ ។ តំបន់រដ្ឋបាល Cordillera បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៤ នាក់ ខណៈតំបន់ Central Luzon និង Central Visayas មានពីរនាក់ ហើយតំបន់ Eastern Visayas បានកត់ត្រាអ្នកស្លាប់ម្នាក់។
ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ក៏បានបំផ្លាញផ្ទះសរុបចំនួន៨.៩១៦ ខ្នងផងដែរ។ រដ្ឋាភិបាលបានផ្តល់ជំនួយជាថវិកាដល់ពលរដ្ឋចំនួន១៤៩.៦៧៥ គ្រួសារ តាមរយៈភ្នាក់ងារជាតិ និងអង្គភាពរដ្ឋាភិបាលនានាក្នុងតំបន់៕

You might also like