ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចលាក់នាំចេញនូវទំនិញបារីខុសច្បាប់ ចូលទឹកដីថៃ

ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដំបង បានឲ្យដឹងនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា សមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចលាក់នាំចេញនូវទំនិញបារីខុសច្បាប់ចូលទឹកដីថៃ។

ប្រភពបានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាបធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ត្រង់តំបន់ព្រំដែននិយាមកា WGS៨៤ ២២៦៥៦១ ១៤៤៣៨៥៣ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្បែរច្រករបៀងបឹងឆ្នាំង។
ប្រភពបានបន្ថែមថា ឈ្មួញជាមុខសញ្ញានាំចេញទំនិញបារីខុសច្បាប់នេះជាឈ្មួញល្បីឈ្មោះម្នាក់ និងដុសស្លែរស់នៅតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។ ឈ្មួញខាងលើទាំងកន្លងមក និងបច្ចុប្បន្នបានប្រកាន់ជំនួញជួញប្រែនាំបារីឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ កុំថាឡើយកាលពីព្រំដែនមិនទាន់បិទ ទោះជាតំបន់ព្រំដែនបានបិទហើយក៏ដោយក៏នៅតែរត់ពន្ធបារីចូលបានដោយរលូនមិនមានរំខានពីសមត្ថកិច្ច ឬមន្ត្រីជំនាញឡើយ។
លោកអធិការនគរបាលស្រុកកំរៀងបានអោយដឹងថា ពិតជាមានការបង្រ្កាបករណីបម្រុងនាំបារីឆ្លងដែន ទៅថៃពិតមែនហើយឃាត់បានអ្នកបើកបរម្នាក់ និងរថយន្តមួយគ្រឿងផងដែរ។
ប្រភពមួយផ្សេងទៀតបានអះអាងដែរថា ជនជាប់ពាក់ព័ន្ធដែលឃាត់ខ្លួនឈ្មោះ ប៉ុន សុភឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែក រថយន្តម៉ាក់ Toyota Sienna ពណ៌ស ពុំមានស្លាកលេខ ជាមួយបារីចំនួន ៤៩ប៊ិច។
ក្រោយការសាកសួរ សមត្ថកិច្ខមូលដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់ការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តនីតិវិធី៕

You might also like