ខ្មាន់កាំភ្លើងអាមេរិក បានសម្លាប់មនុស្សច្រើននាក់នៅព្រះវិហារ Mormon ក្នុងរដ្ឋមីឈីហ្គែន

យោងតាមនគរបាលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនិងអគ្គិភ័យឆាបឆេះនៅព្រះវិហារយេស៊ូគ្រីស្ទនៃក្រុមបរិសុទ្ធ ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។
អធិការនគរបាលក្រុង Grand Blanc លោក William Renye បាននិយាយថា ជនសង្ស័យមានឈ្មោះ Thomas Jacob Sanford អាយុ៤០ឆ្នាំ មកពីទីក្រុង Burton ក៏បានស្លាប់ផងដែរបន្ទាប់ពីរងការបាញ់ប្រហារក្នុងការឆ្លើយតបរបស់មន្រ្តីនគរបាលកាលពីថ្ងៃអាទិត្យ រយៈពេលប្រាំបីនាទីក្រោយការហៅទូរស័ព្ទសម្រាប់ការសង្គ្រោះបន្ទាន់លើកដំបូងត្រូវបានធ្វើឡើង។
លោក Renye បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យថា សាកសពមនុស្សពីរនាក់បន្ថែមទៀតត្រូវបាន«រកឃើញនៅក្នុងព្រះវិហារ» ហើយមនុស្សមួយចំនួនទៀតនៅមិនបានរកឃើញនៅឡើយ ខណៈ «ព្រះវិហារទាំងមូលពុំទាន់ត្រូវបានសម្អាត ខណៈមានអគ្គិភ័យឆាបឆេះ»។
អ្នកស៊ើបអង្កេតអគ្គិភ័យ លោក James Deir ជាភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) នៅទីក្រុង Detroit បាននិយាយថា ការស៊ើបអង្កេតរហូតមកដល់ពេលនេះបានបង្ហាញថា «ជនសង្ស័យបានប្រើប្រាស់ឧបករណ៍ដែលយើងជឿថា ជាប្រេងសាំង និងបានដុតព្រះវិហារឱ្យឆេះ»។
លោក Renye បាននិយាយថា ក្នុងចំណោមអ្នករងរបួសទាំងអស់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្ស ៧ នាក់ផ្សេងទៀតមានស្ថិរភាព។

You might also like