តុលាការបារាំង បើកការកាត់ក្តីថ្មីលើមហន្តរាយផ្លូវអាកាស ១៦ឆ្នាំមុន ដែលសម្លាប់មនុស្សជាង ២០០នាក់

តុលាការឧទ្ធរណ៍របស់បារាំង នឹងចាប់ផ្តើមការកាត់ក្តីថ្មីនៅថ្ងៃចន្ទ (២៩ កញ្ញា) នេះ លើក្រុមហ៊ុនអាកាសចរណ៍ Air France និង Airbus រយៈពេល ១៦ឆ្នាំ បន្ទាប់ពីជើងហោះហើរ AF447 របស់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលក្នុងមហាសមុទ្រអាត្លង់ទិក ដោយបានសម្លាប់មនុស្សទាំងអស់ ២២៨នាក់ នៅលើយន្តហោះ។
តុលាការជាន់ទាបរបស់បារាំង បានជម្រះក្រុមហ៊ុនទាំងពីរនេះពីបទចោទឃាតកម្មផ្នែកសាជីវកម្មក្នុងឆ្នាំ២០២៣ បន្ទាប់ពីការកាត់ក្តីសាធារណៈជាប្រវត្តិសាស្ត្រ លើការបាត់ខ្លួននៃជើងហោះហើរ AF447 ខណៈពេលកំពុងធ្វើដំណើរពីទីក្រុង Rio de Janeiro របស់ប្រេស៊ីល ទៅកាន់ទីក្រុងប៉ារីស នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៩។
ក្រោយពីការស្វែងរកអស់ ២ឆ្នាំសម្រាប់ប្រអប់ខ្មៅរបស់យន្តហោះ A330 នោះ ក្រុមអ្នកស៊ើបអង្កេតបារាំង រកឃើញថា អាកាសយានិកបានធ្វើឱ្យបាត់ទិន្នន័យបណ្តោះអាសន្នចេញពីឧបករណ៍ចាប់សញ្ញាកម្រាស់ទឹកកក ហើយធ្វើឱ្យស្លាបយន្តហោះបាត់កម្លាំង ឬទន្លាក់សេរី ដោយមិនឆ្លើយតបនឹងការជូនដំណឹងអាសន្ន។ ប៉ុន្តែការកាត់ក្ដីជាង ១ទសវត្សរ៍ក្រោយមក ក៏បាននាំឱ្យមានការជជែកវែកញែកជាថ្មីលើសោកនាដកម្មនេះ។
ក្រុមរដ្ឋអាជ្ញាបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមតុលាការជាន់ទាប ហើយអំពាវនាវឱ្យកាត់ក្តីរយៈពេល ២ខែជាថ្មី ដែលត្រូវបានគេរំពឹងថា នឹងពាក់ព័ន្ធជាមួយនឹងការបង្ហាញភស្តុតាងពេញលេញលើគ្រោះថ្នាក់នេះ។ ការពិន័យអតិបរមាសម្រាប់សាលក្រមឃាតកម្មផ្នែកសាជីវកម្មគឺត្រឹមតែ ២២៥.០០០អឺរ៉ូប៉ុណ្ណោះ ប៉ុន្តែរដ្ឋអាជ្ញាជឿថា ការកាត់ក្តីថ្មីនឹងជួយប៉ះប៉ូវដល់ក្រុមគ្រួសាររងគ្រោះ ដែលបានតវ៉ានឹងសាលក្រមមុននេះ ហើយប្ដេជ្ញាវែកមុខអ្នកទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ៕

You might also like