អគ្គនាយកស៊ីម៉ាក់កម្ពុជា ៖ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក និងការចុះហត្ថលេខាទទួលជំនួយ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានឱ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington និងការចុះហត្ថលេខាទទួលជំនួយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ មកនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត។
អគ្គនាយកស៊ីម៉ាក់កម្ពុជា បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអង្គភាពស៊ីម៉ាក់ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចឈ្វេងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាម៉េរិក។
ដំណើរទស្សកិច្ចនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស(NPA)។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាម៉េរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាពCMAC តាមរយៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន៦០០.០០០ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់រយៈពេល៥ខែ (វិច្ឆិកា ២០២៥ – មេសា ២០២៦)។ សូមឆ្លៀតឱកាសនេះ សំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា៕

You might also like