ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងភូមិសាស្រ្តខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក James Redstock ប្រជុំពិភាក្សា និងចុះពិនិត្យជ្រើសរើសទីតាំងគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ឧត្តរមានជ័យ និង ខេត្តព្រះវិហារ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំងបី ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការឱ្យបានសកម្មក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យលើអនុគម្រោងទៅតាមតម្រូវការរបស់ប្រតិភូក្រុមបេសកកម្មឱ្យបានពេញលេញ ដោយធ្វើយ៉ាងណាត្រូវគិតគួរខ្ពស់លើការកែលម្អរ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់បម្រើឱ្យវិស័យកសិកម្ម កសិ-ឧស្សាហកម្ម រួមចំណែកដល់មុំមួយនៃសេដ្ឋកិច្ចជាតិ ជាពិសេសផ្តោតលើតំបន់សេដ្ឋកិច្ចប៉ូលទីបួន(Economic Pole 4)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា បេសកកម្មនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យប្រតិភូដៃគូអភិវឌ្ឍន៍ទទួលបាននូវធាតុចូលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក ជាពិសេស ប្រែក្លាយតំបន់នៅភូមិភាគពាយ័ព្យ និងគិតគូរដល់ការស្រោចស្រពដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ សន្តិសុខទឹក និងការគ្រប់គ្រងធនធានទឹកជួយបញ្ចៀសការលិចលង់ ភាពរាំងស្ងួត ព្រមទាំងបម្រើឱ្យវិស័យកសិកម្ម និងទេសចរណ៍ផងដែរ៕

You might also like