ប្រធានាធិបតីកូរ៉េខាងត្បូងថា កូរ៉េខាងជើងគួរតែពិចារណាបន្តឡើងវិញ នូវកម្មវិធីជួបជុំគ្រួសារជនជាតិកូរ៉េ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា កូរ៉េខាងជើងគួរតែពិចារណាបន្តឡើងវិញ នូវកម្មវិធីជួបជុំគ្រួសារជនជាតិកូរ៉េ ដែលត្រូវព្រាត់ប្រាសពីគ្នា កាលពីអំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដើម្បីជាផ្នែកមួយនៃការកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសជិតខាងទាំងពីរ។
ថ្លែងប្រាប់ក្រុមជនជាតិកូរ៉េខាងត្បូង ដែលមានសាច់ញាតិនៅកូរ៉េខាងជើង លោក Lee បានអះអាងថា រូបលោកសង្ឃឹមចង់ឱ្យអរិភាព ថយចុះ ហើយកិច្ចសហប្រតិបត្តិការអាចបន្តឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។
លោកប្រធានាធិបតី បានលើកឡើងថា វាគឺជា ការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់ប្រទេសកូរ៉េទាំងពីរ ក្នុងការអនុញ្ញាតឱ្យគ្រួសារដែលបែកបាក់គ្នា មានឱកាសទាក់ទងគ្នា និងដោះដូរលិខិត បើគិតអំពីទស្សនៈមនុស្សធម៌។
បើតាមរបាយការណ៍នៃ ក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង ជនជាតិកូរ៉េខាងត្បូងប្រមាណ៣៦ ០០០នាក់ ដែលព្រាត់ប្រាសពីសាច់ញាតិរបស់ពួកគេ នៅឯប្រទេសកូរ៉េខាងជើង បានដាក់សំណើមកកាន់រដ្ឋាភិបាល ចង់ឱ្យមានកម្មវិធីជួបជុំ ឡើងវិញ។
គួរបញ្ជាក់ថា ការជួបជុំគ្រួសារលើកចុងក្រោយរវាងកូរ៉េទាំងពីរ ត្រូវបានរៀបចំឡើងឡើងកាលពីខែសីហា ឆ្នាំ២០១៨ ប៉ុន្តែត្រូវបាន ផ្អាករហូតមក ចាប់តាំងពីទំនាក់ទំនងអន្តរកូរ៉េធ្លាក់ដុនដាប។ កាលពីខែកុម្ភៈ ឆ្នាំនេះ កូរ៉េខាងជើងត្រូវបានមើលឃើញថា រុះរើចោលមជ្ឈមណ្ឌលធ្លាប់ប្រើសម្រាប់កម្មវិធីជួបជុំនោះ ដែលជាសញ្ញានៃការធ្លាក់ចុះខ្លាំង ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង៕

You might also like