លោក Trump ស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ដោយនិយាយថា ក្រុមហាម៉ាសត្រៀមខ្លួនសម្រាប់សន្តិភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ (ថ្ងៃទី ៣ ខែតុលា) ឱ្យបញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានយល់ព្រមដោះលែងចំណាប់ខ្មាំងនិងលក្ខខណ្ឌមួយចំនួនផ្សេងទៀតនៅក្នុងផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែបញ្ហាដ៏ក្តៅគគុកដូចជាការរំសាយអាវុធទំនងជាពុំទាន់ត្រូវបានដោះស្រាយ។
ក្រុមហាម៉ាស កាលពីថ្ងៃសុក្របានចេញការឆ្លើយតបរបស់ខ្លួនចំពោះផែនការ២០ចំណុចរបស់លោក Trump បន្ទាប់ពីប្រធានាធិបតីរូបនេះ បានផ្តល់ពេលឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រហូតដល់ថ្ងៃ អាទិត្យដើម្បីទទួលយក បើមិនដូច្នេះទេនឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរ។ លោកប្រធានាធិបតី ដែលបានតាំងខ្លួនលោកជាមនុស្សតែម្នាក់គត់ ដែលអាចសម្រេចបានសន្តិភាពនៅតំបន់ហ្កាហ្សាបានវិនិយោគដើមទុននយោបាយដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់និងទុកឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែលកាន់តែឯកោនៅលើឆាកពិភពលោក។ លោក Trump បាននិយាយថាលោកជឿជាក់ថាក្រុមហាម៉ាសបានបង្ហាញការ «ត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាពយូរអង្វែង» ហើយលោកបានដាក់ការទទួលខុសត្រូវលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ លោក Trump បានសរសេរនៅលើវេទិកាសង្គម Truth Social របស់លោកថា «អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្កាហ្សាជាបន្ទាន់ ដូច្នេះយើងអាចនាំយកចំណាប់ខ្មាំងចេញមកដោយសុវត្ថិភាព និងឆាប់រហ័ស» ។
លោក Trump ក៏បានសន្យានៅក្នុងវីដេអូខ្លីមួយថា ភាគីទាំងអស់នឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌នៅក្នុងកិច្ចចរចាតំបន់ហ្កាហ្សា ខណៈលោកបានសាទរចំពោះកិច្ចព្រមព្រៀងរបស់ក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំងថាជា «ថ្ងៃពិសេស»។