ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹក និងប្រតិបត្តិការបិទបើកទ្វារទឹកនៅតាមបណ្តាអាងទឹក និងសំណង់ស្ទាក់ទឹក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹក និងប្រតិបត្តិការបិទបើកទ្វារទឹកនៅសំណង់ស្ទាក់ទឹកដំណាក់អំពិល ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទឹកនៅតាមបណ្តាអាងទឹក និងសំណង់ស្ទាក់ទឹកសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត។ លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារមន្ទីរ បន្តយកចិត្តទុកដាក់តាមដានការព្យាករធាតុអាកាសនាចុងរដូវវស្សាខាងមុខ និងស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ ដែលកំពុងប្រឈមនឹងទឹកជំនន់ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥មិ្សលមិញ កម្រិតកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសប្រុងប្រយ័ត្ន ប៉ុន្តែវាបានចាប់ផ្តើមស្រកចុះមកវិញហើយ នាថ្ងៃទី២ ខែតុលានេះ ក្រោមកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ពីក្រុមការងារមន្ទីរបានទាន់ពេលវេលា៕

You might also like