ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងតាមបណ្តាអាងទឹក និងប្រព័ន្ធធារាសាស្រ្ត ក្នុងអាងស្ទឹងសង្កែចំនួន ៤ប្រព័ន្ធគឺ៖ ទី១)ទំនប់ពហុបំណងបាត់ដំង ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ទី២)ប្រព័ន្ធធារាសាស្ត្រ ទំនប់សាលាតាអន ស្ថិតក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ទី៣)ប្រព័ន្ធធារាសាស្ត្រ អាងកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ និងទី៤)សំណង់ស្ទាក់ទឹកតាហែន ស្ថិតក្នុងឃុំក្តុលតាហែនស្រុកបវេល។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ក្នុងមួយរយៈពេលកន្លងមកនេះ ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលព្យុះ ដែលបង្កឱ្យមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នាស្ទើរទូទាំងប្រទេស ជាហេតុនាំមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ដោយឡែក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងស្ទឹងសំខាន់ៗ ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្រ ក៏ដូចជាការងារដោះទឹកពេលមានជំនន់កើតឡើងម្តងៗ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់មន្ទីរ ក៏ដូចជាឆ្មាំទំនប់ឱ្យបន្តការយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹក និងថែទាំសម្ភារៈ បរិក្ខារ ព្រមទាំងឧបករណ៍ផ្សេងៗ សម្រាប់ការងារបិទបើកទ្វារទឹក ត្រូវតាមដានស្ថានភាពធាតុអាកាស និងអាកាសធាតុ និងកម្ពស់ទឹកនៅតាមបណ្តាអាងទឹក និងស្ទឹងសំខាន់ៗ ព្រមទាំងតាមដានជាប្រចាំអំពីស្ថានភាពទឹកនៅផ្នែកខាងលើ ក៏ដូចជាចែករំលែកព័ត៌មានទិន្នន័យបរិមាណទឹកភ្លៀង និងកម្ពស់ទឹកឱ្យគ្នាទៅវិញទៅមកជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដែលស្ថិតនៅផ្នែកខាងលើ ក្នុងគោលដៅកាត់បន្ថយហានិភ័យកើតឡើងដោយសារទឹក រហូតដល់ចុងរដូវវស្សា ដើម្បីមានវិធានការកាត់បន្ថយផលប៉ះពាល់ជាអតិបរមាឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានប្រភពទឹកសំខាន់ៗចំនួន ៤ គឺ ១)ស្ទឹងសង្កែ មានប្រភពទឹកពីជួរភ្នំបរឡាង និងភ្នំក្បាលឡាន តាមរយៈស្ទឹងក្រញ៉ូង ២)ស្ទឹងមង្គលបុរី មានប្រភពទឹកមកពីខេត្តប៉ៃលិន និងទឹកឆ្លងដែនពីប្រទេសថៃ និង៣)ស្ទឹងមោងប្ញស្សី មានប្រភពទឹកមកពីស្ទឹងសំឡាយ និងក្រពើពីរ៕

You might also like