អាមេរិកវាយប្រហារតាមអាកាសលើកទី៤ លើទូកនៅសមុទ្រការ៉ាអ៊ីបដោយបានសម្លាប់មនុស្សបួននាក់
រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និយាយថា សហរដ្ឋអាមេរិកបានវាយប្រហារជាលើកទីបួនលើទូកមួយគ្រឿងទៀតនៅសមុទ្រការ៉ាអ៊ីប ដោយចោទប្រកាន់ថា ទូកនោះមានផ្ទុកគ្រឿងញៀន។
នៅក្នុងការបង្ហោះកាលពីថ្ងៃសុក្រនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោក Hegseth បានចែករំលែកវីដេអូនៃការវាយប្រហារដែលលោកបានកំណត់ថាបានកើតឡើងនៅជិតឆ្នេរសមុទ្រប្រទេសវ៉េណេស៊ុយអេឡា។ វីដេអូ បង្ហាញពីទូកតូចមួយគ្រឿងកំពុងបើកកាត់រលក មុនពេលការវាយប្រហារតាមអាកាសបញ្ឈប់ល្បឿនរបស់វា បណ្តាលឲ្យទូកឆាបឆេះក្នុងអណ្តាតភ្លើង។
លោក Hegseth បាននិយាយថា លោកបានដឹកនាំការវាយប្រហារនេះ ដោយលោកបានសរសេរថា «ភេរវករគ្រឿងញៀនជាបុរស៤នាក់នៅលើកទូកត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ ហើយពុំមានកងកម្លាំងសហរដ្ឋអាមេរិកណាម្នាក់រងគ្រោះនៅក្នុងប្រតិបត្តិការនេះទេ» ។
ការវាយប្រហារត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរសមុទ្រប្រទេសវេណេស៊ុយអេឡា ខណៈទូកកំពុងដឹកជញ្ជូនគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ឆ្ពោះទៅសហរដ្ឋអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង។
ការវាយប្រហារចុងក្រោយបន្ទាប់ពីការវាយប្រហារតាមអាកាសស្រដៀងគ្នានេះរបស់សហរដ្ឋអាមេរិកចំនួនបីលើកកាលពីខែមុន ដែលលើកទីមួយបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា មនុស្ស១១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដំបូងនោះ។ ការវាយប្រហារលើកទីពីរ និងទីបី នៅថ្ងៃទី១៥ និងទី១៩ ខែកញ្ញា ដោយបានសម្លាប់មនុស្សបីនាក់ក្នុងទូកនីមួយៗ។