លោកស្រី Takaichi ជាប់ឆ្នោតជាប្រធានបក្ស LDP បើកផ្លូវឆ្ពោះទៅរកតំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន
(តូក្យូ)៖ លោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន ហើយតាមរយៈជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពីគូប្រជែង៣នាក់ផ្សេងទៀតរបស់អ្នកទាំង២ត្រូវបានជម្រុះក្នុងការបោះឆ្នោតជុំទី១។
គួរបញ្ជាក់ថា ជ័យជម្នះខាងលើត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលនឹងត្រូវឡើងកាន់តំណែងជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបសជប៉ុនដោយរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខ៕