ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ចុះជួបសហគមន៍កសិកម្មប្រាសាទសាមគ្គី និងចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទសាមគ្គី និងការងារអន្តរាគមន៍ទឹកជំនន់ទឹកភ្លៀងតំបន់អូរទូចឡាត ព្រមទាំងចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានគោលបំណងសំខាន់ចំនួនបីគឺ ទី១)ស្ទាក់ទឹក និងរក្សាទឹកទុកសម្រាប់បម្រើឱ្យការស្រោចស្រព ទី២)ប្រភពទឹកឆៅសម្រាប់ផ្គត់ផ្គង់ស្ថានីយប្រព្រឹត្តកម្មទឹកស្អាត និងទី៣)បញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែននារដូវវស្សា។
គម្រោងនេះបានចាប់ផ្តើមការដ្ឋានក្នុងខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦ដែលការងារសំខាន់ៗមានដូចជា៖ ទី១)សំណង់ស្ទាក់ទឹកប្រវែង ២៦០ម៉ែត្រ មានបំពាក់ទ្វារទឹកចំនួន ២៥ទ្វារ ទី២)ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ទី៣)សំណង់ជើងទេរច្រាំងស្ទឹង ប្រវែង ១៥០០ម៉ែត្រ ទី៤)ផ្លូវបេតុងប្រវែង ១៥០០ម៉ែត្រ ទី៥)សំណង់ជណ្តើរត្រី ប្រវែង ២០០ម៉ែត្រ ទី៥)សំណង់បញ្ចេញបញ្ចូល និងគ្រប់គ្រងទឹក ចំនួន ៤៧កន្លែង ទី៦)អគារគ្រប់គ្រងប្រតិបត្តិការចំនួន ១អគារ ទី៧)ស្តារប្រឡាយស្ទឹងស្លាប់ ប្រវែង ៣០គីឡូម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ និងមានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ ទី៨)សំណង់សិល្បការ្យសរុបចំនួន ១១៧កន្លែង។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដែលជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ លើដងស្ទឹងសែនផ្នែកខាងក្រោម បន្ទាប់ពីសំណង់អាងទឹករក្សាក្នុងខេត្តព្រះវិហារ និងសំណង់អាងទឹកដងកាំបិត ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន មានសក្តានុពលបម្រើឱ្យពហុវិស័យ ជាពិសេស ការងារស្ដុកទឹក ការងារស្រោចស្រពវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែក ប្រឡាយពង្វាងទឹកជំនន់ស្ទឹងស្លាប់ មានសមត្ថភាពរំដោះទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលជួយបញ្ចៀសការជន់លិចក្រុងស្ទឹងសែន នារដូវវស្សា និងដើរតួនាទីក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីតាមដងស្ទឹងនារដូវប្រាំង៕

You might also like