លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់ពានរង្វាន់ សិស្សជ័យលាភី UCMAS កម្ពុជា
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី០ ៤ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ ដល់សិស្ស UCMAS សាខាកៀនស្វាយផ្លាហ្សា និងសាខាឬស្សីកែវ។
ពិធីប្រគល់ពានរង្វាន់ និងលិខិតសរសើរនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត Chris Chew នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសសាខាកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា និង លោក រឿន ចន្ថា ម្ចាស់អាជ្ញាប័ណ្ឌយូស៊ីម៉ាស់សាខាឫស្សីកែវ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រសិស្សានុសិស្ស អាណាព្យាបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណ១,៧០០នាក់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិស្សានុសិស្សជ័យលាភីមានចំនួន៥០០នាក់ ក្នុងនោះសិស្ស ៧នាក់ឈ្នះបានពានរង្វាន់ ១៣នាក់ឈ្នះមេដាយមាស និង៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ។ក្នុងចំណោមសិស្ស៧នាក់ដែលទទួលបានពានរង្វាន់នោះ ក៍មានកុមារ៉ា ហ៊ុន ពេជមុន្នីឬទ្ធិសិទ្ធិ កូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងលោកបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែត។
កន្លងទៅ កុមារ៉ា ហ៊ុន ពេជមុនី្នឬទិ្ធសិទិ្ធ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ធ្លាប់ទទួលបានមេដាយ និងពានរង្វាន់មួយចំនួនទៀត ទាក់ទងនឹងការគិតលេខរហ័ស ដែលក្នុងនោះមានដូចជា៖ចំណាត់ថ្នាក់លេខ១ការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,៣៥៨នាក់ ជុំវិញពិភពលោក,មេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ និងទទួលបានពានរង្វាន់ និងមេដាយមួយចំនួនទៀតទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត Chris Chew ក៏បានជម្រាបទៅគណៈអធិបតី ភ្ញៀវកក្តិយស និង អង្គពិធីទាំងមូលថា UCMAS ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដែលឈានមុខគេនឹងបានបង្តើតតាំងពី ឆ្នាំ១៩៩៣ ដែលមាន៦០០០សាខា ក្នុង ៨០ប្រទេស ទូរទាំងពិភពលោក។ UCMAS ត្រូវបានបង្រៀនដោយប្រើប្រាស់ម្រាមដៃទាំង៦ ជាមួយ ឧបករណ៍ Abacus ជួយសិស្សឱ្យអភិវឌ្ឍការផ្តោតអារម្មណ៍ច្បាស់ និងមានឥទ្ធិពលលើការចងចាំ និងការផ្តោតអារម្មណ៍របស់កុមារអាយុចន្លោះពី ៤ទៅ១២ឆ្នាំ ដោយពួកគេផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់លើមេរៀន និងការសិក្សារបស់ពួកគេ។
ជាមួយនេះដែរ កុមារី ចាន់ នន់សុភ័គា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងដែលទទួលបានជ័យលាភី។ កុមារីរូបនេះ ក៏បានប្រាប់អំពីទិចនិកក្នុងសិក្សារៀនសូត្រពូកែ និងទទួលជ័យលាភី ត្រូវអនុវត្តលំហាត់ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃប្រលង ហើយការសិក្សារៀនសូត្រ ធ្វើឱ្យក្លាយជា កូនល្អ ក្មេងល្អ ពលរដ្ឋល្អ ជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងមានការរីកចម្រើនកាន់តែខ្លាំង។
រីលោក សោ សំកុល ជាអាណាព្យាបាលសិស្ស ក៏បាន UCMAS គឺជាកម្មវិធីមួយដែលធ្វើឱ្យក្មេងៗ មានខួរក្បាលឆ្លាតវៃ ឆាប់ចាប់បាន និងមានភាពក្លាហាន។ហើយការជ្រើសរើសសាលាឱ្យកូនវាពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើជ្រើសរើសខុសនឹងធ្វើឱ្យកូនៗមិនសូវមានការរីកចម្រើន និងរៀនមិនសូវពូកែ។
លោក សោ សំកុល ក៏បានបញ្ជាក់ថា កាលពីមិនទាន់បានចូល UCMAS គឺគាត់មិនសូវពូកែនោះទេ បន្ទាប់ពីបានចូលកម្មវិធី UCMAS បានធ្វើឱ្យមានការអភិវឌ្ឍន៍ខួរក្បាល មានការលូតលាស់លឿន ឆាប់ៗបានរហ័ស និងការចងចាំបានល្អ។ លោកក៏សូមឱ្យអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ ជ្រើសរើសនៅសាលាល្អៗ សម្រាប់កូនៗដូចជាសាលា UCMAS ដើម្បីហ្វឹកហាត់ និងបង្ហាត់បង្រៀនគាត់ឲ្យមានអនាគតល្អ។
ចំណែកឯ លោកកស្រី អ៊ុក សីម៉ា ដែលជាអាណាព្យាបាលសិស្ស ក៏បានលើកទឹកចិត្តទៅដល់អាណាព្យាបាលទាំងអស់ ប្រសិនបើមានលទ្ធភាព ឬពេលវេលា អាចនាំកូនកូនមករៀននៅ UCMAS ពីព្រោះក្នុងមួយសប្តាហ៍ រៀនតែមួយថ្ងៃនោះទេ គឺថ្ងៃសៅរ៍ ដើម្បីឱ្យកូនៗរៀនសូត្រពូកែ ក្បាលឆ្លាតវៃ ឆាប់ចាប់បាន និងមានភាពក្លាហាន។
លោកស្រីបានបន្តថា ការជ្រើសរើសសាលាយូស៊ីម៉ាស គឺមានសារៈសំខាន់ណាស់ ពីព្រោះ UCMAS គឺឱ្យក្មេងគាត់ពូកែក្នុងការផ្ដោតអារម្មណ៍ ផ្ចង់អារម្មណ៍ ចំពោះការសិក្សាប្រសិនបើកូនៗពូកែផ្ដោតអារម្មណ៍ នោះការសិក្សារបស់កូនៗនិងមានការរីកចម្រើន។ លោកស្រីបានបន្ថែមថា កាលពីមិនទាន់ចូល UCMAS ការសិក្សារបស់កូនៗមិនទាន់បានល្អនោះទេ បន្ទាប់ពីកូនៗបានចូលសិក្សានៅ UCMAS បានចំនួនពីរវគ្គនេះ កូនៗទទួលបានប័ណ្ណសរសើរ ពីសាលារដ្ឋជារៀងរាល់ខែតែម្ដង ចំពោះការផ្ចង់អារម្មណ៍របស់កូនៗ គឺល្អ បន្ទាប់ពីសិក្សាពីវគ្គនេះរួចមក៕