ព្រិលធ្លាក់ និងសីតុណ្ហភាពត្រជាក់ខុសប្រក្រតីវាយប្រហារបណ្តាប្រទេសនៅតំបន់បាល់កង់

បណ្តាប្រទេសជាច្រើននៅតំបន់បាល់កង់ រួមទាំងម៉ាសេដូនីខាងជើង កូសូវ៉ូ និងស៊ែរប៊ី បានជួបព្រិលធ្លាក់លឿនជាងការរំពឹងទុក រួមទាំងសីតុណ្ហភាពចុះត្រជាក់ខ្លាំងខុសពីប្រក្រតី ដែលធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ និងបង្ខំឲ្យមានការព្រមាន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ BTA របស់ប៊ុលហ្គារី រាយការណ៍ពីសីតុណ្ហភាពក្រោមសូន្យអង្សាសេ ហើយនិងព្រិលធ្លាក់ខ្លាំងនៅតំបន់ភ្នំ Mavrovo របស់ម៉ាសេដូនីខាងជើង ក្នុងនោះសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ត្រូវបានរកឃើញ -៤អង្សាសេ ហើយនិងព្រិលធ្លាក់កម្រាស់ ១២សង់ទីម៉ែត្រ ។
តំបន់ភ្នំ Mavrovo ស្ថិតនៅភាគពាយ័ព្យប្រទេស និងជាតំបន់ឧទ្យានជាតិធំបំផុត តែងតែមើលឃើញសីតុណ្ហភាពប្រចាំថ្ងៃចន្លោះពី ៥អង្សាសេ ទៅ ១៦អង្សាសេ អំឡុងខែតុលា ជាហេតុធ្វើឲ្យសីតុណ្ហភាពបច្ចុប្បន្នក្លាយជាស្ថានភាពអាកាសធាតុខុសប្រក្រតីសម្រាប់តំបន់មួយនេះ ។
ការអាក់ខានចរាចរណ៍ ត្រូវបានគេរាយការណ៍នៅតាមផ្លូវក្នុងតំបន់មួយនេះ ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍រហូតមក ពេលដែលព្រិលធ្លាក់ខ្លាំង ដើមឈើបាក់ នាំឲ្យមានការបិទផ្លូវ ។ ក្រុមអាជ្ញាធរនិយាយថា កិច្ចខិតខំបោសសម្អាតកំពុងធ្វើឡើង ៕

You might also like