ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៨៥%

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មី ក្នុងមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា សំណង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងថ្មីបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ ២ហិកតា គឺជំនួសឱ្យអគារចាស់ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៥%។

ឯកឧត្តម ថោ ជេដ្ឋា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមការងារសាងសង់បន្តយកចិត្តទុកដាក់ពង្រឹងលើគុណភាព និងសោភ័ណភាព ទៅតាមបទដ្ឋានបច្ចេកទេស ជាពិសេសជំរុញការអនុវត្តឱ្យសម្រេចតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សំណង់អគារថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការបំពេញភារកិច្ចរបស់មន្ត្រីគណបក្ស កិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាន លើសពីនេះ ក៏មានទីធ្លាហាត់កីឡាធំទូលាយ និងសួនច្បារដ៏ស្រស់ស្អាតសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងលើកកម្ពស់សុខភាពសាធារណៈផងដែរ ៕

You might also like