កំណាត់ផ្លូវជាតិលេខ៩២ តាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកឆែប ត្រូវបានមន្ទីរសាធារណការខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ
(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ ៩២ ប្រវែង ៩២,២ គីឡូម៉ែត្រ លាតសន្ធឹងតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលរងការខូចខាតដោយកន្លែង ដោយទឹកភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សានេះ ត្រូវបានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០២៥នេះថា កំណាត់ផ្លូវជាតិលេខ៩២ បានរងការខូចខាតដោយកន្លែងនារដូវវស្សាឆ្នាំ ២០២៥ នេះ។ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក្រុមការងាររបស់មន្ទីរសាធារណការខេត្តព្រះវិហារ កំពុងតែធ្វើសកម្មភាពជួសជុលថែទាំឡើងវិញ ដើម្បីធានាថាផ្លូវនេះនៅតែអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា សកម្មភាពជួសជុល និងថែទាំផ្លូវ គឺជាការតាំងចិត្តរបស់មន្ទីរ។ ជាក់ស្តែងថ្ងៃនេះ យើងបានបន្តសកម្មភាពកែសម្រួលផ្លូវក្រាលគ្រួសក្រហមនេះយ៉ាងសកម្ម ដោយធ្វើការកៀរដីល្បាយថ្មចាស់ និងបន្ថែមគ្រួសថ្មី ប្រកបដោយគុណភាព ការស្រោចទឹក និងកិនបង្ហាប់ ផ្ទៃផ្លូវយ៉ាងហ្មត់ចត់។ គោលបំណងគឺដើម្បីស្តារផ្ទៃផ្លូវ ឱ្យត្រលប់មករាបស្មើ និងរឹងមាំ ល្អឡើងវិញ ជៀសវាងការផុង រអិល ឬពិបាកធ្វើដំណើរ។
លោក សំ លាងទ្រី បានថ្លែងទៀតថា ទោះបីជា ជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក៏ដោយ ក៏កត្តាធម្មជាតិទាំងនេះ មិនអាចរារាំងឆន្ទៈដែក និងការប្តេជ្ញាចិត្ត របស់ក្រុមការងារយើងបានឡើយ។ យើងនៅតែបន្តធ្វើការទាំងយប់ទាំងថ្ងៃ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចគោលដៅ គឺការធានាឱ្យផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងសុវត្ថិភាពដាច់ខាត សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាអនុសាសន៍ណែនាំពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនផលិតផលនានាមានភាពស្រួលនិងឆាប់រហ័ស។
លោកប្រធានមន្ទីរក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមថែរក្សាផ្លូវសាធារណៈនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសកុំចាក់ដី កម្ទេចថ្ម ឬវត្ថុផ្សេងៗ ចូលក្នុងលូ ឬប្រឡាយបង្ហូរទឹក ថែរក្សាលូ និងប្រឡាយ ឱ្យនៅទំនេរ ដើម្បីឲ្យទឹកអាចហូរបានស្រួល។ទង្វើដែលបង្កឱ្យស្ទះលូ ឬប្រឡាយ នឹងធ្វើឱ្យទឹកជន់លិចលើផ្លូវ ហើយបណ្តាលឲ្យផ្លូវឆាប់ខូចខាត រហ័ស និងពិបាកជួសជុលឡើងវិញ។
ដោយឡែកលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងស្រុក សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកឆែប ដែលបានចាត់ក្រុមការងារចុះជួសជុលកែលម្អផ្លូវជាតិលេខ៩២ ដែលរងការខូចខាតធ្ងន់ធ្ងរ ពិបាកក្នុងការធ្វេីដំណេីរកន្លងមក ចាប់ពីចំណុចភូមិកំពង់ស្រឡៅមួយ រហូតដល់ឃុំកំពង់ស្រឡៅពីរ ព្រំប្រទល់ខេត្តស្ទឹងត្រែង ។ ពេលនេះក្រុមការងារបានជួលជុលរួចរាល់ ជា ស្ថាពរហេីយ បងប្អូនប្រជាពលរដ្ឋអាចធ្វេីដំណេីរបានស្រួល ចំណេញពេលវេលា និងធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព៕