កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ OHCHR ដើម្បីរក្សាបទឈប់បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាមព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ
( ហ្ស៊ឺណែវ) ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានធ្វើបទអន្តរាគមន៍ឆ្លើយតបទៅនឹងបទបង្ហាញរបាយការណ៍ប្រចាំប្រទេសរបស់អគ្គលេខាធិការ/OHCHR ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពនៅកម្ពុជា (បទអន្តរាគមន៍ភ្ជាប់)។
ក្នុងកិច្ចអន្តរាគមន៍ឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ OHCHR ដើម្បីរក្សាបទឈប់បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាមព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងនៃការបណ្តេញចេញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា សន្តិភាពនៅតែជាលក្ខខណ្ឌដំបូងនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា របាយការណ៍នេះបានទទួលស្គាល់ការផ្លាស់ប្តូររបស់កម្ពុជាពីភាពផុយស្រួយ ទៅជាភាពធន់ ដែលឆ្លុះបញ្ចាំងនៅក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កំណែទម្រង់ និងការកាត់បន្ថយភាពក្រីក្រ ជាអាទិ៍ ទន្ទឹមនឹងនោះក៏បានទទួលស្គាល់បញ្ហាប្រឈមទាក់ទងនឹងការឃុំខ្លួន ការជួញដូរ និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI)។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានពន្យល់ថា កម្ពុជាកំពុងដោះស្រាយបញ្ហាទាំងនេះតាមរយៈកំណែទម្រង់ពន្ធនាគារ ផែនការសកម្មភាពជាតិប្រឆាំងនឹងការជួញដូរ និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការពិគ្រោះយោបល់ដែលមានគោលបំណងជំរុញ NHRI ស្របតាមគោលការណ៍ទីក្រុងប៉ារីស ជាដើម។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា ការប្តេជ្ញាចិត្តរបស់កម្ពុជាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ ដោយបញ្ជាក់ថា កម្ពុជាជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗស្ទើរតែទាំងអស់ និងបន្តកែសម្រួលច្បាប់ជាតិស្របជាមួយនឹងស្តង់ដារអន្តរជាតិ ដោយមានជំនួយបច្ចេកទេសពី OHCHR ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីអំពីការចូលរួមដោយបើកចំហរបស់កម្ពុជាជាមួយ OHCHR និងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការអភិវឌ្ឍ និងការសម្រេចបានសិទ្ធិមនុស្សទាំងអស់ដោយពេញលេញសម្រាប់ប្រជាពលរដ្ឋទាំងមូល។
សម័យប្រជុំនេះមានសារសំខាន់ ប្រៀបធៀបទៅនឹងកិច្ចសន្ទនាអន្តរកម្ម ជាមួយអ្នករាយការណ៍ពិសេសកម្ពុជា ដែលបានធ្វើឡើងមុនថ្ងៃដដែល៕