ក្រុមហាម៉ាសទៅដល់អេហ្ស៊ីប ដើម្បីចរចាកិច្ចព្រមព្រៀងហ្កាហ្សាជាមួយអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ

មន្ត្រីក្រុមហាម៉ាស បានទៅដល់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ មុនកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល នៅថ្ងៃចន្ទ (៦ តុលា) នេះ ដែលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចនាំឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាម និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ក្នុងអ្វីដែលប្រមុខការទូតរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានសារៈសំខាន់យ៉ាងខ្លាំង។
ក្រុមអ្នកចរចាអ៊ីស្រាអែល ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ Ron Dermer នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទនេះ សម្រាប់ការចរចានៅរមណីយដ្ឋានសមុទ្រក្រហម Sharm el-Sheikh អំពីការដោះលែងចំណាប់ថ្នូរ ជាផ្នែកមួយនៃផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមដ៏ឃោរឃៅជិតពីរឆ្នាំនៅតំបន់ហ្កាហ្សា។
ថ្លែងប្រាប់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យពីការដោះលែងចំណាប់ថ្នូរ ៤៨នាក់ សេសសល់ក្នុងតំបន់ហ្កាហ្សា ដែល ២០នាក់ក្នុងចំណោមនោះនៅរស់រានមានជីវិត — រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា គ្រប់គ្នានឹងដឹងយ៉ាងឆាប់រហ័សថា តើក្រុមហាម៉ាស ម៉ឺងម៉ាត់ឬក៏អត់ក្នុងកិច្ចពិភាក្សាបច្ចេកទេសដ៏សំខាន់ទាំងនេះ។
គណៈប្រតិភូក្រុមហាម៉ាស ដែលដឹកនាំដោយប្រធានតំបន់ហ្កាហ្សានិរទេសខ្លួន លោក Khalil Al-Hayya បានទៅដល់អេហ្ស៊ីប កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយតំណាងអាមេរិក និងកាតា សម្រាប់កិច្ចពិភាក្សាស្តីពីការអនុវត្តកិច្ចខិតខំប្រឹងប្រែងកម្រិតខ្ពស់បំផុត ដែលមិនទាន់អាចបញ្ឈប់ជម្លោះបាននោះទេ។ មន្ត្រីម្នាក់ដែលដឹងពីកិច្ចចរចានៅអេហ្ស៊ីប បាននិយាយថា អ្នកចរចានឹងផ្តោតលើការសម្រេចកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយជាមុនសិន មុនពេលបទឈប់បាញ់អាចត្រូវបានអនុវត្ត៕

You might also like