កម្លាំងនគរបាលស្រុកកណ្ដៀង ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីរំលោភលើសេចក្ដីទុកចិត្ត

ពោធិ៍សាត់ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨និង២០នាទី មានឈ្មោះ ឆែ ចាន់ហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិក្បាល ស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤និង០០នាទី ឈ្មោះ កង វិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានខ្ចីម៉ូតូជាកម្មសិទ្ធិរបស់ខ្លួន ម៉ាកហុងដាឃ្លីក(Click)ពណ៌ស គ្មានស្លាកលេខ ថាជិះទៅមើលភ្លើង ពេលនោះខ្លួនក៏បានអោយខ្ចីម៉ូតូជាកម្មសិទ្ធិ ជិះទៅបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។ ជនរងគ្រោះឈ្មោះ ឆែម ចាន់ហេង ក៏បានសំណូមពរសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរុករកជនសង្ស័យឈ្មោះ កង វិត ដើម្បីយកម៉ូតូមកប្រគល់អោយខ្លួនវិញ នឹងអោយសមត្ថកិច្ចផ្តន្ទាទោសតាមផ្លូវច្បាប់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថា ក្រោយពីទទួលបានសំណូមពរបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានសហការចុះស្រាវជ្រាវរុករកជនសង្ស័យរហូតដល់វេលាម៉ោង១១និង៣០នាទី នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ទើបបានឃើញមុខសញ្ញាជាជនសង្ស័យកំពុងឈរនៅក្នុងបរិវេណសាលាអនុវិទ្យាល័យវត្តហ្លួងស្ថិតនៅភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាមួយនឹងវត្ថុតាងម៉ូតូ១គ្រឿងដូចខាងលើ។
ភ្លាមនោះសមត្ថកិច្ចបានចាប់ ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចំណាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យបានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន(+)មានសារធាតុញៀក្នុងទឹកនោម៕

You might also like