ថ្ងៃទី៦ ខែតុលា ខួបលើកទី៤៩ឆ្នាំ ព្រឹត្តិការណ៍សម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃក្នុងប្រវត្តិសាស្ត្រថៃ
(បាងកក)៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៤៩ នៃការសម្លាប់រង្គាលនិស្សិតថៃដោយប៉ូលិស និងកងកម្លាំងអ្នកជាតិនិយមជ្រុល នៅក្នុងជម្លោះនយោបាយមួយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ ដែលក្នុងប្រទេសថៃ គេស្គាល់ថាព្រឹត្តិការណ៍ថ្ងៃទី៦ ខែតុលា។ នេះបើតាមកាសែតថៃ The Nation។
ប្រជាជនថៃបានចងចាំទុកព្រឹត្តិការណ៍ថ្ងៃទី៦ ខែតុលា ជាការសម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថៃ។ ការសម្លាប់រង្គាលក្នុងឆ្នាំ១៩៧៦ កើតមានឡើងបន្ទាប់ពីផ្ទុះកុបកម្មដែល ក្នុងនោះប្រជាជនថៃរាប់ពាន់នាក់ ភាគច្រើនជានិស្សិត បានប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យ Thammasat និងក្បែរទីលាន Sanam Luang ដើម្បីធ្វើបាតុកម្មតវ៉ាសម្ដែងការប្រឆាំងជំទាស់ទៅនឹង ការធ្វើមាតុភូមិនិវត្តន៍ពីប្រទេសសិង្ហបុរីត្រឡប់មកកាន់ប្រទេសថៃវិញ របស់អតីតមេដឹកនាំយោធាផ្ដាច់ការ និងជាអតីតនាយករដ្ឋមន្ត្រី លោក Thanom Kittikachorn។
នៅមុនព្រឹត្តិការណ៍ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ ការបះបោរមួយបានផ្ទុះឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៣ ដើម្បីផ្ដួលរំលំរបបលោក Thanom ដោយបង្ខំឱ្យរូបលោកភៀសខ្លួនទៅកាន់សិង្ហបុរី។ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៧៦ ទើបសកម្មជននយោបាយថៃមួយក្រុមបានជួបជុំគ្នានៅឯសាកលវិទ្យាល័យ Thammasat ដើម្បីពិភាក្សាគ្នាលទ្ធភាពដែលលោក Thanom អាចនឹងត្រឡប់ ចូលស្រុកវិញ និងផលប៉ះពាល់នៃការវិលត្រឡប់របស់លោកទៅលើសន្តិភាព និងសណ្ដាប់ធ្នាប់។
គួរបញ្ជាក់ថា បើតាមប្រភពជាច្រើន មនុស្សយ៉ាងហោច ១០០នាក់បានស្លាប់ដោយសារការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃពីសំណាក់យោធាថៃ និងប៉ូលិស ខណៈរដ្ឋាភិបាលថៃអះអាងថាអ្នកស្លាប់មានត្រឹមតែ ៤៦នាក់ប៉ុណ្ណោះ ខណៈបាតុករ ៣០៩៤នាក់ត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍នោះ៕