អ្នកនាំពាក្យក្រសួងការងារ ៖ ពលករខ្មែរមកពីថៃ មានរង្វង់៩៤ម៉ឺននាក់ ខណៈដែលក្រសួងបានជួយសម្របស្រួលស្វែងរកការងារឱ្យពួកគាត់មានការងារធ្វើជាង៣០ម៉ឺននាក់ហើយ គិតត្រឹមដើមខែតុលានេះ

“តាមរយៈការចង្អុរបង្ហាញពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ បានដាក់ចេញយុទ្ធនាការដើម្បីស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីថៃវិញ បានប្រមាណជាង ៣០០ ០០០នាក់ហើយ ក្នុងចំណោមបងប្អូលពលករខ្មែរប្រមាណ ៩៤០ ០០០នាក់ ដែលក្រសួងការងារបានបូកសរុបចាប់តាំងពីខែមិថុនា ដល់ដើមខែតុលា ឆ្នាំ២០២៥នេះ”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “វិស័យដែលមានបងប្អូនពលករច្រើនជាងគេគឺនៅក្នុងវិស័យឧស្សាហកម្ម ដោយវិស័យសំណង់ កសិកម្ម និងប្រកបមុខរបរខ្លួនឯង ព្រមទាំងវិស័យផ្សេងៗទៀតមានមួយចំនួន។ ចំពោះតួលេខជាង ៣០០ ០០០នាក់នេះ គឺតាមរយៈរោងចក្រសហគ្រាសដែលមានតួលេខ ហើយដែលបានចុះបញ្ជីជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូច្នេះនៅមានការងារជាច្រើនទៀត នៅក្រៅវិស័យផងដែរ”។

“ខ្ញុំសូមបញ្ជាក់ថា ក្នុងចំណោមពលករប្រមាណ ៩៤០ ០០០នាក់ ដែលត្រលប់ពីថៃមកកម្ពុជាវិញ គឺក្នុងនោះកម្លាំងពលកម្មមានប្រមាណ រង្វង់ពី៧០ម៉ឺននាក់ ទៅ៧៥ម៉ឺននាក់ ក្នុងនោះយើងជួយបានជាង៣០ម៉ឺននាក់ហើយ ហើយនៅសល់បាននិងកំពុងស្វែងរកការងារតាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ ដោយយើងនៅមានការងារជាច្រើន និងច្រើនវិស័យនៅទូទាំងរាជធានីខេត្តរបស់យើង”។

បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យ ក៏សូមអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃ សូមបងប្អូនទាក់ទងទៅអាជ្ញាធរមូលដ្ឋានដូចជាភូមិឃុំសង្កាត់ ក៏ដូចជាទាក់ទងមកកាន់ក្រសួងការងារ តាមរយៈលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ ហើយដាក់ចិត្តដាក់កាយបម្រើការងារនៅក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង សុវត្ថិភាពជាង ចំណាយតិចជាង ហើយប្រាក់កម្រៃផ្សេងៗក៏មិនជាខុសគ្នាទៅនឹងការងារនៅប្រទេសថៃនោះទេ ជាពិសេសនោះគឺនៅកម្ពុជាយើងមានទាំងប្រាក់កម្រៃសេវាថែទាំសុខភាព ប្រាក់កម្រៃសោធននិវត្តន៍ និងប្រាក់កម្រៃពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ។

You might also like